
វៀតណាម៖ ប្រទេសវៀតណាម បានបង្កើនសកម្មភាពចាក់ដីបំពេញកោះយ៉ាងគគ្រឹកគ្រេងនៅក្នុងតំបន់ប្រជុំកោះស្ព្រាតលី (Spratly) ដែលជាតំបន់មានជម្លោះ ជាមួយមហាយក្សចិននាពេលកន្លងទៅ។ នេះបើយោងតាមរបាយការណ៍ថ្មីពីវិទ្យាស្ថាន Asia Maritime Transparency Initiative (AMTI) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោ សហរដ្ឋអាម៉េរិក។

ក្នុងរយៈពេល១២ខែចុងក្រោយនេះ វៀតណាមបានចាក់បន្ថែមផ្ទៃដីថ្មីប្រមាណ២១៦ ហិកតាបន្ថែមទៀត ធ្វើឱ្យផ្ទៃដីសរុបដែលវៀតណាមបានកសាងឡើងនៅតំបន់នេះ កើនឡើងដល់ប្រហែល១១២១ហិកតា។ ក្រៅពីការចាក់ដីបំពេញ វៀតណាមក៏បានចាប់ផ្ដើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបន្ថែមទៀត។ បច្ចុប្បន្ន វៀតណាមមានកំពង់ផែចំនួន១៥ នៅប្រជុំកោះនេះ ដោយក្នុងនោះ មាន១១កំពង់ផែ ត្រូវបានកសាងឡើងចាប់តាំងពីឆ្នាំ២០២១ មកម្ល៉េះ។ ចំណែកឯ តំបន់ Barque Canada Reef (បាក កាណាដា រីហ្វ) បានក្លាយជាមូលដ្ឋានទ័ពធំបំផុតរបស់វៀតណាម ក្រោយពីការបញ្ចប់ការចាក់ដីបំពេញកាលពីដើមឆ្នាំ២០២៥។

របាយការណ៍ បានបង្ហាញថា សកម្មភាពបូមខ្សាច់ និងចាក់ដីនេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បរិស្ថានក្នុងសមុទ្ទ។ ផ្កាថ្មប្រមាណ១៦៦៧ហិកតា ត្រូវបានបំផ្លាញដោយសារការចាក់ដី និងការកាយយកដីធ្វើជាច្រកផ្លូវនាវា។ ទោះបីជាវៀតណាមកំពុងប្រជែងជាមួយចិន ដោយព្យាយាមចាក់ដី និងកសាងហេដ្ឋារចនាសម្ព័ន្ធនៅកោះនេះក៏ដោយ ក៏ចិននៅតែនាំមុខដដែល។ បច្ចុប្បន្ន ចិនមានផ្ទៃដីកោះសិប្បនិម្មិតសរុបប្រមាណ២២០៩ហិកតា និងបានបំផ្លាញផ្កាថ្មអស់ជាង២៥០០ហិកតា តាមរយៈសកម្មភាពស្រដៀងគ្នានេះ។

ប្រទេសចិន បានបង្ហាញការជំទាស់យ៉ាងខ្លាំងចំពោះសកម្មភាពរបស់វៀតណាម ជាពិសេសនៅតំបន់ Barque Canada Reef។ គួរបញ្ជាក់ថា តំបន់សមុទ្ទចិនខាងត្បូង គឺជាចំណុចក្ដៅនៃជម្លោះដែនទឹក ដែលមានការទាមទារត្រួតគ្នាពីសំណាក់ប្រទេសជាច្រើន រួមមាន៖ ចិន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប្រ៊ុយណេ៕



