វៀតណាមសាងសង់ពហុកីឡដ្ឋានបាល់ទាត់ ធំបំផុតលើភពផែនដី
ហៀប ស៊ីថេត
05 ឧសភា 2026 05:00 PM

រដ្ឋធានីហាណូយ៖ ប្រវត្តិសាស្ត្រថ្មីនៃវិស័យកីឡាបាល់ទាត់កំពុងត្រូវបានសរសេរឡើងនៅជ្រោយអាស៊ីអាគ្នេយ៍! ប្រទេសវៀតណាម បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងមហិច្ឆតាសាងសង់ពហុកីឡដ្ឋានបាល់ទាត់ដ៏មហិមា ដែលនឹងត្រូវដណ្តើមតំណែងជាពហុកីឡដ្ឋានធំជាងគេបំផុតក្នុងលោក។

បើតាមគម្រោងដែលបានគ្រោងទុក ពហុកីឡដ្ឋានថ្មីសន្លាងនេះនឹងមានសមត្ថភាពផ្ទុកទស្សនិកជនបានរហូតដល់ទៅ១៣៥០០០នាក់។ តួលេខដ៏ច្រើននេះ នឹងធ្វើឱ្យវៀតណាមវ៉ាដាច់ពហុកីឡដ្ឋាន រុងរ៉ាដូ ១ឧសភា (ឬ Rungrado 1st of May) របស់ប្រទេសកូរ៉េខាងជើង ដែលធ្លាប់ឈរលេខ១ ក្នុងសមត្ថភាពផ្ទុកអ្នកទស្សនាបាន១៣០០០០នាក់ ដោយលើសរហូតដល់៥០០០កៅអីឯណោះ។

គេនៅចាំបានថា ពិធីបើកការដ្ឋានសាងសង់ជាប្រវត្តិសាស្ត្រ បានប្រព្រឹត្តទៅយ៉ាងអធិកអធម កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ គម្រោងយក្សនេះ គឺជាផ្នែកមួយនៃមជ្ឈមណ្ឌលកីឡាដ៏ទំនើបក្នុងរដ្ឋធានីហាណូយ ដែលត្រូវបានវិនិយោគ និងអភិវឌ្ឍដោយក្រុមហ៊ុនយក្ស Vingroup។ នេះគឺជាសញ្ញាមោទនភាពថ្មីរបស់វៀតណាម និងអាស៊ានក្នុងដំណើរឆ្ពោះទៅកាន់កម្រិតពិភពលោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត