បុរសឃោរឃៅចាប់ជំរិតក្មេងស្រីតូចរហូតបាត់បង់ជីវិត រួមទាំងប្រពន្ធដែលសមគំនិត ត្រូវបញ្ជូនទៅដាក់គុកហើយ
ហាក់ អ៊ីឌី
មួយម៉ោងមុន

ក្រុងតាខ្មៅ៖ នៅទីបំផុត ប្ដីប្រពន្ធមួយគូ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនបណ្ដោះអាសន្ន ក្រោយរួមដៃគ្នា​ចាប់ជំរិតក្មេងស្រីតូចបណ្ដាលឱ្យបាត់បង់ជីវិត ស្ថិតនៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦...។ 

តាមរយៈសេចក្តីប្រកាសព័ត៌មាន នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា តុលាការសាលាដំបូងខេត្តកណ្ដាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនត្រូវចោទចំនួន២នាក់៖ ១.ឈ្មោះ គឹម វណ្ណា ត្រូវចោទប្រកាន់ពីបទៈ ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស, ឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងនឹងអាយុជនរងគ្រោះ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា២៥៤ និងមាត្រា២០២ នៃក្រមព្រហ្មទណ្ឌ និងទី២.ឈ្មោះ ធី ណារ៉ុង ត្រូវចោទប្រកាន់ពីបទៈ សមគំនិតក្នុងអំពើចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស, ឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងនឹងអាយុជនរងគ្រោះ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា២៩ មាត្រា២៥៤ និងមាត្រា២០២ នៃក្រមព្រហ្មទណ្ឌ។ 

សូមជម្រាបថា បទ ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ឆ្នាំ ទៅ ៣០ឆ្នាំ។ រីឯបទ ឃាតកម្ម មានស្ថានទម្ងន់ទោសទាក់ទងនឹងអាយុជនរងគ្រោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ១៥ឆ្នាំ ទៅ៣០ឆ្នាំ។ ដូច្នេះ យោងតាមច្បាប់កម្ពុជា ក្នុងសំណុំរឿង១ បើជនល្មើសត្រូវចោទប្រកាន់២បទល្មើស ឬច្រើនជាង២ គឺមិនកាត់ទោសទៅតាមបទល្មើសទាំងអស់នោះទេ ដោយក្នុងចំណោមបទល្មើសទាំងនោះ តុលាការនឹងជ្រើសរើសយកបទល្មើសណាមួយមានទោសច្រើនជាងគេ ដើម្បីកាត់ទោសលើជនល្មើស។ វិធានការនេះ ហៅថា ការ​ស្រូប​ទោស។ ការស្រូបទោស គឺជា​វិធាន​មួយ​ដែល​គេ​ប្រើ​ក្នុង​ការ​ប្រកាស​ទោស​រួម​នៃ​បទល្មើស​ត្រួត​គ្នា មានន័យថា ជនល្មើសទាំង២ អាចប្រឈមជាប់ពន្ធនាគារខ្ពស់បំផុត៣០ឆ្នាំ៕

<br />

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត