ក.ប.ប ហាមឃាត់នាំចូល ចែកចាយ និងប្រើប្រាស់ស្ករសបំពាក់ម៉ាកសញ្ញាថៃចំនួន២ ក្រោយរកឃើញសិប្បកម្មមួយលួចប្ដូរសំបកបាវស្ករពីអក្សរថៃ ដាក់អក្សរវៀតណាម
S
Soriya Sou
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ប្រកាសហាមឃាត់ដល់ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋទូទាំងប្រទេស កុំនាំចូល កុំលក់ ចែកចាយ និងប្រើប្រាស់ទំនិញស្ករ.ស ម៉ាកសញ្ញាថៃចំនួន២ ដែលត្រូវបានឈ្មួញខិលខូចលួចប្ដូរច្រកបាវថ្មីពីអក្សរថៃ ប្ដូរមកដាក់អក្សរវៀតណាមវិញ…។

ការហាមឃាត់នេះ បន្ទាប់ពីអគ្គនាយកដ្ឋាន ក.ប.ប. កាលពីថ្ងៃទី១៣ឧសភា បានសហការជាមួយកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត រកឃើញមានផលិតផលទំនិញស្ករសច្រកបាវមានស្លាកសញ្ញាជាអក្សរថៃ (ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ) និងត្រូវបានយកមកវេចខ្ចប់ឡើងវិញ ប្តូរបាវមានស្លាកសញ្ញាជាអក្សរវៀតណាម ក្នុងចេតនាបន្លំភ្នែកសមត្ថកិច្ច និងបន្លំប្រភពទំនិញ។ ករណីនេះ នាយកដ្ឋាន ក.ប.ប. សង្ស័យអាចមានការចែកចាយលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា។ ដើម្បីអនុវត្តនីតិវិធីអង្កេតដានបន្ត អគ្គ ក.ប.ប. បានណែនាំ និងស្នើសុំកិច្ចសហការពីពាណិជ្ជករ អាជីវករជាអ្នកនាំចូល លក់ និងចែកចាយបន្ត មិនត្រូវនាំចូល លក់ ចែកចាយ ផ្គត់ផ្គង់ ឬ វេចខ្ចប់ឡើងវិញនូវផលិតផលទំនិញស្ករសបំពាក់ម៉ាកសញ្ញាថៃ KBS REFINED SUGAR និង TRR GROUP REFINED SUGAR ឬស្ករសច្រកបាវមានភ្ជាប់ម៉ាកសញ្ញាអក្សរវៀតណាម (មានភ្ជាប់ក្នុង ឧបសម្ព័ន្ធ) ក្នុងចេតនាក្លែងបន្លំប្រភពនៃទំនិញជាដាច់ខាត។

លើសពីនេះ ត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីអនុវត្តនីតិវិធីអង្កេតដាន ស្វែងរកប្រភពផលិតនាំចូល ចែកចាយផលិតផលទាំងនោះ និងការយកសំណាកគំរូមកវិភាគនៅមន្ទីរពិសោធ ដើម្បីស្វែងរកមុខសញ្ញានៃគ្រោះជាយថាហេតុ ហើយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ សុវត្ថិភាពផលិតផលសម្រាប់លក់ជូនអ្នកប្រើប្រាស់។ ដោយឡែក អ្នកប្រើប្រាស់ និងសាធារណជន សូមចៀសវាងការទិញនូវផលិតផលទំនិញស្ករសបំពាក់ម៉ាកសញ្ញាថៃ ខាងលើ ឬស្ករសច្រកបាវមានភ្ជាប់ម៉ាកសញ្ញាអក្សរវៀតណាម (មានភ្ជាប់ក្នុងឧបសម្ព័ន្ធ)។ ត្រូវរាយការណ៍មក ក.ប.ប. ភ្លាមៗក្នុងករណីសង្ស័យមានផលិតផលទំនិញមិនប្រក្រតីណាមួយលក់ ចែកចាយ ផ្គត់ផ្គង់នៅក្នុងទីផ្សារ និង ត្រូវរាយការណ៍មកក្រសួងពាណិជ្ជកម្ម តាមរយៈលេខ១២៦៦ បើសង្ស័យមានការអនុវត្តមិនសុចរិតពាក់ព័ន្ធនឹងការប្រកបអាជីវកម្មណាមួយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត