
ក្រុងសំរោង៖ បុរសជនជាតិថៃម្នាក់ ដែលបានលួចឆ្លងដែនខុសច្បាប់ចូលជ្រៅមកក្នុងទឹកដីប្រទេសកម្ពុជា នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ត្រូវបានអាជ្ញាធរកម្ពុជា ចាប់ឃាត់ខ្លួនតាមផ្លូវច្បាប់ ត្រូវបានប្រគល់ជូនភាគីថៃ នៅវេលាម៉ោង១០:៥៩នាទីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមយន្តការសម្របសម្រួលរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)...។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បញ្ជាក់ថា ការប្រគល់ខ្លួនជនជាតិថៃដែលបានរំលោភច្បាប់កម្ពុជា ទៅឱ្យភាគីថៃនេះ ធ្វើឡើងក្រោយពីមានការស្នើសុំសម្របសម្រួលតាមរយៈយន្តការថ្នាក់តំបន់របស់ក្រុមការងារទំនាក់ទំនងព្រំដែន ដែលជាយន្តការនៅក្រោមគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ RBC នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។ លោកស្រីបន្ថែមថា បន្ទាប់ពីការពិនិត្យ និងវាយតម្លៃស្របតាមវិធានការច្បាប់រួចមក លោកឧត្តមសេនីត្រី និត ណារ៉ុង ប្រធានលេខាធិការ RBC យោធភូមិភាគទី៤កម្ពុជា ត្រូវបានចាត់តាំងឱ្យនាំខ្លួនបុរសជនជាតិថៃខុសច្បាប់រូបនោះទៅប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី កាំផាណាត វ៉ាផានស៊ុក នាយសេនាធិការ និងជាប្រធានលេខាធិការ RBC យោធភូមិភាគទី២ថៃ ដើម្បីមកទទួលដោយផ្ទាល់នៅព្រឹកថ្ងៃទី១៥ ខែឧសភានេះ ស្របតាមគោលការណ៍មនុស្សធម៌។

ក្នុងពេលជាមួយគ្នា ភាគីទាំងពីរ ក៏បានសំណេះសំណាលសំដៅបង្កើនការជឿទុកចិត្តគ្នា និងការជំរុញកិច្ចសហការ ក្នុងការទប់ស្កាត់ បន្សាបរាល់ព័ត៌មានក្លែងក្លាយ ដែលមានចរិតញុះញង់ ព្រមទាំងធានាដល់ការគោរព និងការអនុវត្តឱ្យបានម៉ឺងម៉ាត់ ពេញលេញ ដោយស្មោះត្រង់នូវខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយ ដែលបានឯកភាពគ្នាកន្លងមក ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។ លោកស្រី ម៉ាលី សុជាតា បន្ថែមថា ភាគីថៃ ក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានជួយសហការយ៉ាងពេញទំហឹងក្នុងការដោះស្រាយបញ្ហាប្រឈមនានាជារៀងរាល់ថ្ងៃ ជាពិសេស ការខិតខំប្រឹងប្រែងជួយសម្របសម្រួល ដោះស្រាយករណីប្រជាជនថៃ ដែលបានប្រព្រឹត្តកំហុសដោយលួចចូលជ្រៅក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់ឱ្យបានវិលត្រឡប់ទៅប្រទេសជួបជុំក្រុមគ្រួសាររបស់ខ្លួនវិញដោយសុវត្ថិភាព៕



