
រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មានជនបរទេស៦១នាក់ ត្រូវអាជ្ញាធរកម្ពុជាក្រសោបបាន ក្រោយពួកគេលបលួចសង្ងំឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចអគារខុនដូរ «អ៊ែក ស៊ីក» និងសណ្ឋាគារ «សូហូ ៨៥» ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ...។

ក្រោមកិច្ចសហការរវាងស្ថាប័ន្ថអយ្យការ និងគណបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យទីតាំងសង្ស័យទាំង២ខាងលើ រកឃើញជនសង្ស័យសរុបចំនួន៦១នាក់(ស្រី០៦នាក់)ក្នុងនោះ អ្នកគ្មានលិខិតឆ្លងដែន ស្នាក់នៅខុសច្បាប់ចំនួន៤២នាក់ ជាប់ពាក់ព័ន្ធនឹងការរក្សាទុកសម្ភារសម្រាប់ប្រព្រឹត្តិបទល្មើស Online Scam ១៥នាក់ និងជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់។ ជាមួយគ្នា សមត្ថកិច្ចក៏បានដកហូតវត្ថុតាង និងសម្ភារបច្ចេកវិទ្យាមួយចំនួន ដែលបម្រើឱ្យការប្រព្រឹត្តិបទល្មើសផងដែរ។

បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋានសម្រេចប្រគល់ជនសង្ស័យ រួមនិងវត្ថុតាងទាំងអស់ ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ជាធរមាន។ គូសបញ្ជាក់ផងដែរថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូត ដល់១ជីវិត និងពិន័យជាប្រាក់ដល់ទៅ១០០០លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕






