ជំនួបកំពូលស្តេចឥន្ទ្រីអាម៉េរិក និងនាគរាជចិន ឈានចូលថ្ងៃទី២
ហៀប ស៊ីថេត
10 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ នារដ្ឋធានីប៉េកាំង គេឃើញមានកម្រាលព្រំក្រហម កងឆ្មាំការពារ និងមនុស្សម្នារជាច្រើនឈរហែរហមអមព័ទ្ធជុំវិញ ខណៈជំនួបកំពូលរវាងប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ឈានចូលដល់ថ្ងៃទី២ នៅថ្ងៃសុក្រទី១៥ ខែឧសភានេះ ជាជំនួបចុងក្រោយនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃរបស់មេដឹកនាំសហរដ្ឋអាម៉េរិក ដែលពោរពេញទៅដោយពិធីការយ៉ាងឱឡារិក និងកិច្ចព្រមព្រៀងធុរកិច្ចដ៏ច្រើនមហាសាល។ យ៉ាងណា កូនកោះតៃវ៉ាន់អង្គុយនៅមិនស្ងៀមឡើយ ដោយបានព្រមានចិនយ៉ាងម៉ឺងម៉ាត់ថា៖«ការដោះស្រាយបញ្ហាកោះតៃវ៉ាន់មិនបានត្រឹមត្រូវ អាចរុញច្រានទំនាក់ទំនងសហរដ្ឋអាម៉េរិក-ចិន ទៅកាន់ស្ថានភាពដ៏គ្រោះថ្នាក់បំផុត»។

លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង
លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង

នេះជាទស្សនកិច្ចប្រវត្តិសាស្ត្រលើកដំបូងរបស់លោក ត្រាំ ទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៧ ក្នុងបំណងដើម្បីស្រោចស្រង់ប្រជាប្រិយភាព និងស្វែងរកភាពជោគជ័យផ្នែកនយោបាយ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏សំខាន់មកដល់ឆាប់ៗនេះ។ មេដឹកនាំកំពូលទាំង២ មានកាលវិភាគពិភាក្សាគ្នាកំលុងពេលពិសាតែក្ដៅ និងអាហារថ្ងៃត្រង់ មុនពេលលោក ត្រាំ ហោះត្រឡប់ទៅសហរដ្ឋអាម៉េរិកវិញ។ ជាមួយគ្នា លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social នៅព្រឹកថ្ងៃសុក្រនេះថា៖«សង្ឃឹមថា..ទំនាក់ទំនងរបស់យើងជាមួយចិន នឹងកាន់តែរឹងមាំ និងប្រសើរជាងពេលណាៗទាំងអស់!»។ ជំនួបកំពូលនេះ មានគោលបំណងស្តារពាណិជ្ជកម្មសកលដ៏ផុយស្រួយឡើងវិញ ដោយលោក ត្រាំ បានងក់ក្បាលផ្អាកដាក់គំនាបពន្ធគយ រីឯលោក ស៊ី ក៏បានបន្ទន់ឥរិយាបថ យល់ព្រមបញ្ចេញសារធាតុរ៉ែកម្រសំខាន់ៗទៅផ្គត់ផ្គង់ទីផ្សារពិភពលោកឡើងវិញ បន្ទាប់ពីមានភាពតានតឹងជាមួយគ្នា។

យ៉ាងណា សម្តីរបស់លោក ស៊ី អំពីកោះតៃវ៉ាន់ បានក្លាយជាសារព្រមានដ៏មុតស្រួច កំលុងពេលជំនួបបិទទ្វារដែលអូសបន្លាយជាង២ម៉ោង។ ក្រសួងការបរទេសចិន បានបញ្ជាក់ថា បញ្ហាកោះតៃវ៉ាន់ជាចំណុចរសើបបំផុត ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បានប្រាប់ NBC News ថា បញ្ហាតៃវ៉ាន់ត្រូវបានលើកយកមកពិភាក្សា ហើយសហរដ្ឋអាម៉េរិកនៅតែរក្សាគោលជំហរមិនផ្លាស់ប្ដូរឡើយ។ ជុំវិញជំនួបមេដឹកនាំកំពូលទាំង២ សេតវិមានបានគូសវៀសដោយបញ្ជាក់បន្ថែមថា បំណងប្រាថ្នារួមគ្នានៃមេដឹកនាំទាំង២ គឺបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ, ចំណាប់អារម្មណ៍របស់លោក ស៊ី ក្នុងការទិញប្រេងពីសហរដ្ឋអាម៉េរិក ដើម្បីកាត់បន្ថយការពឹងផ្អែកលើមជ្ឈិមបូព៌ា, និងការបញ្ជាទិញយន្តហោះ Boeing ចំនួន២០០គ្រឿងពីសំណាក់ប្រទេសចិន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត