
សុខភាព៖ អង្គុយធ្វើការងារយូរម៉ោងក្រោកឡើង រើខ្លួនស្រាប់តែឈឺខ្នង ឈឺចង្កេះ បើសិនជួបបញ្ហាបែបនេះជាញឹកញាប់ លោកអ្នកកុំបារម្ភ SBM News នឹងលើកមកជម្រាបឱ្យបានជ្រាបពីវិធីដោះស្រាយការឈឺចាប់ទាំងនេះ...។

១.ស្អំរបស់ត្រជាក់រួចស្អំទឹកក្ដៅក្រោយ៖ លោកអ្នកអាចប្រើថង់ស្អំមានជាតិត្រជាក់ ក្នុងដំណាក់កាល២ទៅ៣ថ្ងៃដំបូង ដើម្បីអាចជួយកាត់បន្ថយបញ្ហារលាក បន្ទាប់មកប្តូរមកស្អំជាមួយដបទឹកក្ដៅ ឬថង់ទឹកក្ដៅ ដើម្បីជួយសម្រួលភាពតានតឹងរបស់សាច់ដុំ និងអាចជួយឱ្យរំហូរឈាមរត់បានល្អ។ ២.សម្រាកឱ្យបានគ្រប់គ្រាន់៖ មានបញ្ហាឈឺខ្នង ឈឺចង្កេះ ត្រូវសម្រាកឱ្យបានច្រើន ពិសេស នៅពេលមានអាការស្រួចស្រាវ គួរសម្រាកកុំធ្វើអ្វី១ ទៅ២ថ្ងៃ ដោយប្រើខ្នើយដើម្បីកល់ធ្វើយ៉ាងណាឱ្យមានអារម្មណ៍សុខស្រួល។ ៣.ហាត់ប្រាណជាមួយឧបករណ៍ធ្ងន់ៗ៖ ចំណុចនេះ ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិតជាមុន ខណៈអ្នកជំនាញអះអាងថា ជ្រើសយកវិធីហាត់ប្រាណណាមួយដែលលោកអ្នកពេញចិត្ត នឹងជួយឱ្យការហាត់ប្រាណបានកាន់តែយូរអង្វែង។ ក្នុងការសិក្សាមួយ ធ្វើឡើងដោយអ្នកជំនាញនៅកាណាដា លើកទ្បើងថា បើមានបញ្ហាឈឺចង្កេះរ៉ាំរ៉ៃ ត្រូវឱ្យចូលរួមកម្មវិធីហាត់ប្រាណបែបធ្ងន់ៗ ដោយជាលទ្ធផល គឺអាការឈឺចាប់ថយចុះបន្តិចម្ដងៗ ហើយថែមទាំងជួយពង្រឹងគុណភាពជីវិត។

៤.ប្រឹក្សាជាមួយគ្រូពេទ្យជំនាញ៖ គួរពិភាក្សាជាមួយគ្រូពេទ្យពីការព្យាបាល បញ្ហាឈឺខ្នង ឈឺចង្កេះ ដោយចលនា។ ការទៅប្រឹក្សាជាមួយពេទ្យ ក៏មានប្រយោជន៍ច្រើនផ្សេងទៀត អាចទទួលបានការណែនាំការ ថែទាំងឆ្អឹងខ្នង និងការបញ្ចេញសកម្មភាពផ្សេងៗ។ មួយវិញទៀត ពេទ្យជួយវាយតម្លៃសុខភាពខ្នងរបស់លោកអ្នក។ លើសពីនេះ ការព្យាបាលដោយម៉ាស្សា ឬចាក់ម្ជុលវិទ្យាសាស្រ្ត ក៏អាចជួយបន្ធូរបន្ថយភាពតានតឹងសាច់ដុំ អាចបំបាត់ការកន្ត្រាក់ដែលជាមូលហេតុនាំឱ្យឈឺខ្នង និងឈឺចង្កេះ។ ៥.ចាប់ផ្តើមបញ្ចេញចលនា៖ នៅពេលអាការឈឺខ្នងមានភាពប្រសើរជាងមុន អាចចាប់ផ្តើមធ្វើការងារដូចដើមវិញ។ បន្ទាប់ពី២សប្តាហ៍ក្រោយ អាចបញ្ចេញសកម្មភាពផ្សេងៗទៀត ដូចជាហាត់ប្រាណប្រភេទពន់ពែនខ្លួនប្រាណ ដើរ ធ្វើយូហ្គា និងហែលទឹក។ តែយ៉ាងណា ត្រូវបោះបង់ចោលទម្លាប់មួយចំនួនដែលអាចបង្កឱ្យមានបញ្ហាឈឺខ្នង ឈឺចង្កេះ ត្រឡប់មកវិញ ពិសេស កំលុងពេលអាការមិនទាន់ជាស្រួលបួល ក៏មិនត្រូវអង្គុយធ្វើការយូរពេកដែរ៕



