ឥទ្ធិពលខ្យល់មូសុង បង្កឱ្យកម្ពុជាមានភ្លៀងធ្លាក់លាយទ្បំខ្យល់កន្ត្រាក់ និងផ្គររន្ទះបីថ្ងៃជាប់គ្នា
S
Sreyleak Yith
10 ម៉ោងមុន

រាជធានីភ្នំពេញ៖ ដោយរបបខ្យល់មូសុងនិរតី បានបោកបក់មកលើឈូងសមុទ្ទកម្ពុជា  សមុទ្ទបេងហ្គាល សមុទ្ទអាន់ដាម៉ាន់ សមុទ្ទចិនខាត្បូង និងអាងទន្លេមេគង្គ ជាហេតុធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ទ្បំខ្យល់កន្ត្រាក់ និងផ្គររន្ទះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦...។

ក្រសួងធនធានទឹក និងឧតុនិយម អះអាងថា តំបន់មាត់សមុទ្ទ សីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៥អង្សាសេ។ មានខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿន២ម៉ែត្រក្នុងមួយវិនាទី បង្កឱ្យខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ហើយមានខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដី៣០ភាគរយ។ រលកសមុទ្ទ មានកម្ពស់មធ្យមអប្បបរមា កន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមាមួយម៉ែត្រ។

តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សាសេ មានខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ ក្នុងល្បឿន៣ម៉ែត្រក្នុងមួយវិនាទី នាំឱ្យខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់អមមកជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ។

ចំណែកតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សាសេ ក្នុងនោះខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍ មានល្បឿន៣ម៉ែត្រក្នុងមួយវិនាទី ធ្វើឱ្យរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ និងខេត្តកណ្តាល អាចមានភ្លៀងធ្លាក់លាយទ្បំខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដី២៥ភាគរយផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត