
រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នេះ បានចេញសារាចរណែនាំជាច្រើនចំណុចដល់មន្ត្រីទូទាំងរាជធានី-ខេត្ត ដែលស្ថិតក្រោមអគ្គនាយកដ្ឋានខ្លួន កុំឱ្យប្រព្រឹត្តផ្ទុយពីតួនាទី គ្មានក្រមសីលធម៌ វិជ្ជាជីវៈ ដែលពិន័យពលរដ្ឋប្រព្រឹត្តខុសដោយគ្មានវិក្កយបត្រត្រឹមត្រូវ..។

អគ្គនាយកដ្ឋាន ក.ប.ប បញ្ជាក់ថា ដើម្បីធានាបាននូវការអនុវត្តតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល អគ្គនាយកដ្ឋាន សូមណែនាំយ៉ាងម៉ឺងម៉ាត់ឡើងវិញដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃសាខា ក.ប.ប. រាជធានី-ខេត្ត អនុវត្តឱ្យបានជាដាច់ខាតនូវគោលការណ៍៣ចំណុចធំៗ។ គោការណ៍ទាំងនោះរួមមាន៖ ទី១.អំឡុងពេលអនុវត្តភារកិច្ចមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈ។ ទី២.ក្នុងសកម្មភាពចុះត្រួតពិនិត្យទីផ្សារ ឬទីតាំងលក់ ប្រសិនបើរកឃើញនូវបទល្មើសណាមួយកើតឡើងក្នុងទ្រង់ទ្រាយតូចតាច ហើយបទល្មើសនោះមិនប៉ះពាល់ដល់សុខភាព សុវត្ថិភាព ឬមិនបង្កឱ្យមានពិការភាព ឬបាត់បង់អាយុជីវិតដល់អ្នកប្រើប្រាស់ ត្រូវអនុវត្តវិធានការអប់រំណែនាំអំពីគោលការណ៍នៃច្បាប់ និងទោសប្បញ្ញត្តិនានា ជំនួសឱ្យវិធានការពិន័យអន្តរការណ៍។

ម៉្យាងវិញទៀត ករណីរកឃើញនូវបទល្មើសណាមួយកើតឡើងក្នុងទ្រង់ទ្រាយធំ ហើយបទល្មើសនោះមិនប៉ះពាល់ដល់សុខភាព សុវត្ថិភាព ឬមិនបង្កឱ្យមានពិការភាព ឬការបាត់បង់អាយុជីវិតដល់អ្នកប្រើប្រាស់ ត្រូវអនុវត្តវិធានការពិន័យអន្តរការណ៍ ស្របតាមបែបបទ និងនីតិវិធី ដែលបានកំណត់ដោយប្រកាសអន្តរក្រសួងជាដាច់ខាត។ អគ្គនាយកដ្ឋានបន្ថែមថា ផ្ទុយទៅវិញករណីរកឃើញបទល្មើសណាមួយដែលបានបង្កឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាព បង្កឱ្យមានពិការភាព ឬការបាត់បង់អាយុជីវិតដល់អ្នកប្រើប្រាស់ មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ ឬនគរបាលយុត្តិធម៌ ត្រូវអនុវត្តទណ្ឌកម្មដែលត្រូវបានបញ្ញត្តិដោយច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

ដោយឡែក ចំណុចទី៣.មន្ត្រីរូបណាដែលអនុវត្តវិធានការពិន័យអន្តរការណ៍ ដោយពុំមានចេញវិក្កយបត្របង់ប្រាក់ពិន័យអន្តរការណ៍ និងបង្កាន់ដៃបង់ប្រាក់ឱ្យបុគ្គលល្មើស នឹងត្រូវទទួលរងនូវទណ្ឌកម្មស្របតាមច្បាប់ស្តីពី សហលក្ខន្តិក មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។ គួរគាត់សម្គាល់ថា ការចេញសារាចររបស់អគ្គនាយកដ្ឋាន ក.ប.ប នាពេលនេះចួនចំពេលមន្ត្រី ក.ប.ប ចំនួន៥នាក់នៅខេត្តកំពង់ឆ្នាំង ប្រព្រឹត្តផ្ទុយពីច្បាប់ប្រមូលលុយពីអាជីវករលក់គ្រឿងក្រអូបនៅផ្សាររមាស ស្រុកទឹកផុស ហើយត្រូវក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ទណ្ឌកម្មខាងវិន័យយ៉ាងតឹងរឹងកាលពីថ្ងៃទី៨មិថុនា ឆ្នាំ២០២៤។

សូមជម្រាបថា អគ្គនាយកដ្ឋាន «ក.ប.ប.» មានតួនាទី និងភារកិច្ចការពារសុខភាព សុខុមាលភាព និងផលប្រយោជន៍ជូនប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់នូវរាល់សកម្មភាព ឬអំពើទាំងហ្លាយណាដែលមិនសុចរិត ក្នុងធុរកិច្ច ធានាឱ្យការប្រកួតប្រជែងពាណិជ្ជកម្ម ប្រព្រឹត្តទៅប្រកបដោយសុចរិត។ អគ្គនាយកដ្ឋាននេះ ក៏បានអះអាថា អគ្គនាយកដ្ឋានខ្លួន អនុវត្តតួនាទី និងភារកិច្ចផ្អែកលើមូលដ្ឋានគាំទ្រនៃច្បាប់ចំនួន៤រួមមាន៖ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិជាធរមានជាច្រើន៕




