
រាជធានីភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ទណ្ឌកម្មខាងវិន័យយ៉ាងតឹងរឹងលើមន្ត្រីនៃ អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ចំនួន៥នាក់ ដែលបានប្រព្រឹត្តផ្ទុយពីច្បាប់ប្រមូលលុយពីអាជីវករលក់គ្រឿងក្រអូបនៅផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ចុះថ្ងៃទី៨មិថុនា ឆ្នាំ២០២៤..។

ក្រសួងអះអាងថា៖«ក្រសួងពាណិជ្ជកម្មបានដាក់ទណ្ឌកម្មខាងវិន័យយ៉ាងតឹងរឹង និងធ្ងន់ធ្ងរ ចំពោះមន្ត្រីទាំង៥រូប ស្របតាមបញ្ញត្តិនៃច្បាប់ និងតាមទោសកំហុសដែលបានប្រព្រឹត្ត។ ក្រសួងពាណិជ្ជកម្ម ប្តេជ្ញាប្រកាន់ខ្ជាប់ដាច់ខាត និងអនុវត្តយ៉ាងម៉ឹងម៉ាត់តាមអភិក្រម [ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់] ដោយមិនឱ្យមន្ត្រីរូបណាប្រព្រឹត្តល្មើសច្បាប់ និងបំពានគោលការណ៍ ឆ្លៀតឱកាស កេងចំណេញសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន ប៉ះពាល់ដល់អាជីវករ ពាណិជ្ជករ សេវាករ ឬប្រជាពលរដ្ឋជាអ្នកទទួលសេវាក្នុងវិស័យពាណិជ្ជកម្ម»។

ស្ថាប័នដដែលនេះបន្ថែមថា ការចុះបំពេញភារកិច្ចរបស់ មន្ត្រី ក.ប.ប. គឺជាការបំពេញកាតព្វកិច្ចតាមច្បាប់ ក្នុងគោលបំណងដើម្បីទប់ស្កាត់នូវការចរាចរទំនិញក្លែងក្លាយ ប្រើប្រាស់សារធាតុគីមីហាមឃាត់ ខូច ឬគ្មានគុណភាព គ្មានប្រភពច្បាស់លាស់ រំលោភកម្មសិទ្ធិបញ្ញា សំដៅការពារ សុខភាព សុខុមាលភាព និងផលប្រយោជន៍ជូនប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់នូវរាល់សកម្មភាព ឬអំពើទាំងហ្លាយណាដែលមិនសុចរិតក្នុងធុរកិច្ច ធានាឱ្យការប្រកួតប្រជែងពាណិជ្ជកម្មប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់។

គួររំឭកថា កាលថ្ងៃទី៤មិថុនា ឆ្នាំ២០២៤ មន្ត្រី ក.ប.ប ប្រចាំខេត្តកំពង់ឆ្នាំងចំនួន ៥នាក់ បានចុះត្រួតពិនិត្យទំនិញនៅផ្សាររមាស ក្នុងឃុំអភិវឌ្ឍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ នៅពេលចុះអនុវត្តការងារមន្ត្រីទាំងនោះ បានរកឃើញទីតាំងលក់ទំនិញ ៣កន្លែង ដែលបានតាំងលក់ផលិតផលគ្រឿងសម្អាងមិនអនុលោមតាមបទប្បញ្ញត្តិពាក់ព័ន្ធនឹងបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ដែលម្ចាស់ទំនិញត្រូវទទួលរងនូវការពិន័យអន្តរការណ៍ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ ប៉ុន្តែនៅពេលអនុវត្តការងារ មន្ត្រីទាំង៥រូប ពុំបានអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីនៃការពិន័យអន្តការណ៍ ជាការប្រព្រឹត្តខុសនីតិវិធីច្បាប់ជាធរមាន។ ហើយត្រូវបានសារព័ត៌មាន និងបណ្ដាញសង្គមចុះផ្សាយព្រោងព្រាត រួមទាំងអាជ្ញាធរស្រុកចុះស្រាវជ្រាវករណីនោះ។ រួចឮដំណឹងថា នៅល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រី ក.ប.ប ទាំងនោះបានវេរលុយឱ្យអាជីវករទាំងនោះវិញ។

ជុំវិញភាពមិនប្រក្រតីទាំងនោះ ក្រសួងពាណិជ្ជកម្ម អំពាវនាវដល់ពាណិជ្ជករ អាជីវករទាំងអស់ បន្តប្រកបអាជីវកម្មរបស់ខ្លួនជាធម្មតា ដោយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងដំណើរការពង្រឹងនីតិរដ្ឋ។ ប្រសិនបើមានមន្ត្រី ឬបុគ្គលណា ចុះអនុវត្តភារកិច្ចរំលោភបំពាន ដើម្បីកឹបកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន ឬមានចម្ងល់ពាក់ព័ន្ធនឹងការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីក្រសួងពាណិជ្ជកម្ម សូមផ្ដល់ព័ត៌មាន ឬដាក់ពាក្យបណ្ដឹងមកកាន់ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន ក.ប.ប. ដោយមិនគិតថ្លៃតាមរយៈលេខទូរសព្ទ១២៦៦៕




