ក.ប.ប នឹងចាត់វិធានការចំពោះអ្នកផ្សាយលក់ឧបករណ៍ «តេស្តរកសារធាតុគីមីក្នុងចំណីអាហារ» បំផ្លើសខុសពីការពិត
អុន សម្ផស្ស
02 មិថុនា 2025 10:00 AM

រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ព្រមានចាត់វិធានការច្បាប់ទៅលើអ្នកផ្សព្វផ្សាយលក់ «ឧបករណ៍តេស្តរហ័សរកសារធាតុគីមី» ខណៈ ក.ប.ប អះអាងថា ឧបករណ៍តេស្តរហ័ស​នោះពុំមានសមត្ថភាពគ្រប់គ្រាន់អាចពិនិត្យឃើញសារធាតុគីមីដូចការផ្សាយនោះឡើយ…។

រូបភាព៖ ឧបករណ៍តេស្តរហ័សរកសារធាតុគីមី(ប្រភពបណ្តាញសង្គម)។
រូបភាព៖ ឧបករណ៍តេស្តរហ័សរកសារធាតុគីមី(ប្រភពបណ្តាញសង្គម)។

អគ្គនាយកដ្ឋាន ក.ប.ប បញ្ជាក់តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះថា ថ្មីនេះមានការផ្សព្វផ្សាយ និងចែករំលែកនៅលើបណ្តាញសង្គមពីឧបករណ៍ធ្វើតេស្តរហ័សមួយប្រភេទ ដែលមានសមត្ថភាពអាចវាស់រកសារធាតុគីមីហាមឃាត់ នៅក្នុងបន្លែ និងផ្លែឈើ ដែលបង្កហានិភ័យដល់សុខភាពអ្នកប្រើប្រាស់ ព្រមទាំងអាចបញ្ជាក់អំពីកម្រិតសុវត្ថិភាពសម្រាប់បរិភោគ។ ករណីនេះ អគ្គនាយកដ្ឋានបដិសេធពីការអះអាងនោះ។ អគ្គនាយកដ្ឋាន សង្កត់ធ្ងន់ថា៖«[..] ក.ប.ប. នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមនីតិវិធីច្បាប់ជាធរមាន ចំពោះការផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទោះតាមទម្រង់ណាក៏ដោយ ដែលមានលក្ខណៈភូតកុហកពង្វាងការពិត ក្លែងបន្លំ ឬធ្វើឱ្យមានការភាន់ច្រឡំដល់សាធារណជន[..]»។  

រូបភាព៖ ឧបករណ៍តេស្តរហ័សរកសារធាតុគីមី(ប្រភពបណ្តាញសង្គម)។
រូបភាព៖ ឧបករណ៍តេស្តរហ័សរកសារធាតុគីមី(ប្រភពបណ្តាញសង្គម)។

ជាមួយគ្នានោះ ក.ប.ប ពន្យល់ថា មុខងាររបស់ឧបករណ៍ដែលត្រូវបានផ្សព្វផ្សាយលក់នោះ គឺផ្តោតទៅលើការវាស់បរិមាណសារធាតុគីមី «នីត្រាត» នៅក្នុងបន្លែ ផ្លែឈើ ត្រី និងសាច់តែប៉ុណ្ណោះ។ ពោលគឺមិនមានមុខងារស្វែងរកសារធាតុគីមីហាមឃាត់ ឬអាចប្រើប្រាស់សម្រាប់វិភាគថ្នាំពុលកសិកម្ម សារធាតុពណ៌ហាមឃាត់ និងសារធាតុគីមីផ្សេងទៀតនោះទេ។ ហេតុនេះ អគ្គនាយកដ្ឋាន ជំរុញឱ្យបុគ្គលធ្វើធុរកិច្ច អ្នកចែកចាយ និងអ្នកផ្សព្វផ្សាយទាំងអស់ប្រកាន់ខ្ជាប់នូវការផ្សព្វផ្សាយព័ត៌មាន ពិតប្រាកដពាក់ព័ន្ធនឹងមុខងាររបស់ឧបករណ៍នោះឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ដើម្បីជៀសវាងសាធារណជន និងអ្នកប្រើប្រាស់មានការភាន់ច្រឡំ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត