មន្ត្រី ក.ប.ប សាខាខេត្តបន្ទាយមានជ័យឆ្មក់ចាប់បានទំនិញខូចគុណភាពតិចតួច ខណៈអាជីវករយល់ដឹងជាងមុន
K
Kimhuoy Klaing
29 ឧសភា 2023 09:00 AM

បន្ទាយមានជ័យ៖ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបំន្លំ (ក.ប.ប) សាខាខេត្តបានអះអាងថា អាជីវករលក់ដូរនៅតាមផ្សារក្នុងខេត្តបន្ទាយមានជ័យមានការយល់ដឹងច្រើន ខណៈពេលមន្រ្តីឆ្មក់ចុះពិនិត្យឃើញមានទំនិញខូចគុណភាព និងហួសសុពលភាពតិច ជាងរាល់ដង។ ការចុះពិនិត្យនេះបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងផ្សារហុយឡេង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មន្ត្រី ក.ប.ប សាខាខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ដើម្បីពង្រឹងគុណភាពទំនិញគ្រឿងបរិភោគឱ្យមានគុណភាពការពារសុខមាលភាពបងប្អូនប្រជាពលរដ្ឋ ដូច្នេះមន្ត្រីជំនាញបានឆ្មក់ចុះពិនិត្យតាមផ្សារក្នុងក្រុងសិរីសោភ័ណរយៈពេល១ថ្ងៃ រកឃើញទំនិញដែលខូចគុណភាព និងហួសសុពលភាពមានតិចតួចណាស់ដែលត្រូវបានដកហូត ធ្វើការណែនាំ និងធ្វើកិច្ចសន្យា។

មន្ត្រីជំនាញបានអះអាងថា ក្រោយចុះពិនិត្យទំនិញក្នុងផ្សារពេញ១ថ្ងៃបានសបញ្ជាក់ថា អាជីវករពិតជាមានការយល់ដឹងច្រើន និងចូលរួមសហការជាមួយមន្ត្រីជំនាញដែលបានចុះផ្សព្វផ្សាយបានយ៉ាងល្អ។ មន្ត្រីបានណែនាំដល់អាជីវករត្រូវចូលទាំងអស់គ្នា ការពារសុខភាពអ្នកទិញយកទៅប្រើប្រាស់និងមិនត្រូវគិតតែប្រយោជន៍ផ្ទាល់ខ្លួនទេ ត្រូវគិតពីសុខភាពប្រជាពលរដ្ឋ។ 

យ៉ាងណាមិញ មន្ត្រីជំនាញនៅតែបន្តឆ្មក់ពិនិត្យតាមទីផ្សារជាប់ជាយដែនដែលជាមុខសញ្ញាយ៉ាងសំខាន់ ព្រោះខេត្តបន្ទាយមានជ័យគឺជាខេត្តដែលជាប់ព្រំដែនថៃ ហើយទំនិញមួយចំនួនត្រូវបាននាំចូលពីប្រទេសជិតខាងដោយល្មើសច្បាប់ ដូចក្នុងករណីលួចនាំចូលទំនិញហាមឃាត់ និងខូចគុណភាពតាមច្រករបៀងជាដើម៕ រាយការណ៍ដោយ៖ លោក ឈុន មករា                      

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត