
រាជធានីភ្នំពេញ៖ បន្ទាប់ពីសារព័ត៌មានថៃ ចុះផ្សាយព្រោងព្រាតនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះថា យោធាកំពុងសាងសង់របងព្រំដែនថ្មីមួយតាមបណ្ដោយព្រំដែនថៃ-កម្ពុជា ក្នុងខេត្តចន្ទបុរី ជាប់ព្រំដែនខេត្តបាត់ដំបង ភ្លាមៗ..ការីនិពន្ធព័ត៌មាន SBM News បានស្នើសុំការបំភ្លឺពីលោកអភិបាលខេត្ត ដោយលោកសួរបញ្ជាក់មកវិញថា ដឹងរឿងហ្នឹងមកពីណា ដឹងមកពីណា សួរទៅខាងហ្នឹងវិញទៅ...?

សូមជម្រាបថា យោងតាមសារព័ត៌មានថៃ ខាវសដ និង ឌឹណេសិន បានចុះផ្សាយថា យោធាថៃ បាននិងកំពុងសម្រុកសាងសង់របងព្រំដែនបេតុងនៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៤ ក្នុងខេត្តចន្ទបុរី ជាប់ព្រំប្រទល់ជាមួយខេត្តបាត់ដំបង។ របងថ្មីនេះត្រូវបានសាងសង់ឡើងដោយមានគ្រឹះបេតុងមេ និងសំណាញ់ដែក មានកម្ពស់សរុបប្រហែល១៧០សង់ទីម៉ែត្រ ដោយផ្ទាំងបេតុងមានកម្ពស់ប្រហែល១៥០សង់ទីម៉ែត្រ បំពាក់បន្ថែមនូវរបងដែកកម្ពស់២០សង់ទីម៉ែត្រ នៅផ្នែកខាងលើ។ យោធាថៃ បានអះអាងបន្ថែមថា បង្គោលរបងប្រហែល៩០០ទៅ១០០០ដើម កំពុងត្រូវបានដំឡើងគម្លាតពីគ្នាប្រហែល៣ម៉ែត្រ ខណៈការសាងសង់ក្នុងដំណាក់កាលដំបូងនេះ បានចាប់ផ្តើមកាលពីចុងខែមេសា ហើយរំពឹងថា នឹងបញ្ចប់ក្នុងរយៈពេល៤៥ថ្ងៃ។ គម្រោងនេះត្រូវបានអនុវត្តទាំងស្រុងនៅក្នុងទឹកដីថៃ ហើយវាជាសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសថៃ ក្នុងការគ្រប់គ្រងតំបន់ព្រំដែនរបស់ខ្លួន ខណៈទាំងភាគីថៃ និងកម្ពុជា សុទ្ធតែមានផ្លូវល្បាតរៀងៗខ្លួន រត់តាមបណ្ដោយព្រំដែននោះ នេះបើតាមការអះអាងរបស់ភាគីថៃ។

បន្ទាប់ពីដឹងដំណឹងនេះ ការីនិពន្ធព័ត៌មាន SBM News បានទាក់ទងតាមទូរសព្ទទៅកាន់លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដើម្បីសុំការបំភ្លឺបន្ថែមជុំវិញការចុះផ្សាយរបស់សារព័ត៌មានថៃនេះ ថាតើជាការពិតដែរ ឬយ៉ាងណា? ជាការឆ្លើយតប លោកអភិបាលខេត្តបាត់ដំបង សុខ លូ បានសួរមកកាន់ការិនិពន្ធយើងវិញថា៖«ដឹងរឿងហ្នឹងពីណា? បើដឹងរឿងពីខាងថៃទៅសួរខាងថៃទៅ ខ្ញុំឥតដឹងដែរ។» យ៉ាងណា មុនចុចទូរសព្ទផ្តាច់ទំនាក់ទំនង លោក សុខ លូ បានពន្លយពាក្យបន្ថែមថា៖«របងព្រំដែននៅបាត់ដំបង..គ្មានរបងព្រំដែន [ឬ]ខ្សែបន្ទាត់ណាដែលមិនច្បាស់លាស់ទេ...»។ ប៉ុន្តែសម្រាប់សំណួរជុំវិញការសាងសង់របងព្រំដែនពីសំណាក់ភាគីថៃ លោកអភិបាលពុំបានឆ្លើយបំភ្លឺនោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ ការបញ្ជាក់ខ្លីរបស់លោកអភិបាលខេត្តបាត់ដំបងនៅពេលនេះ ហាក់ប្រាសចាកប្រធានបទបន្តិច ដោយលោកបំភ្លឺអំពីភាពជាក់លាក់នៃខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ថាគ្មានរបងព្រំដែន [ឬ]ខ្សែបន្ទាត់ណាដែលមិនច្បាស់លាស់ទេ ខណៈការីនិពន្ធយើងព្យាយាមសុំការបំភ្លឺអំពីការចុះផ្សាយរបស់សារព័ត៌មានថៃ ស្តីពីការសង់របងព្រំដែននៅចន្លោះបង្គោលពីលេខ៥២-៥៤ ក្នុងខេត្តចន្ទបុរី ជាប់ព្រំប្រទល់ជាមួយខេត្តបាត់ដំបងប៉ុណ្ណោះ។ ដូច្នេះ មិនដឹងថា លោកអភិបាលខេត្តស្ដាប់សំណួរការីនិពន្ធយើងច្រឡំ ឬយ៉ាងណា បានជាបញ្ជាក់ខ្សែបន្ទាត់ព្រំដែនបែបនេះ។ ម្យ៉ាងដោយសារ លោក ប្រញាប់ចុចទូរសព្ទបិទពេក ទើបការសន្ទនាហាក់មិនអស់សេចក្តី។ ជុំវិញករណីនេះ អង្គភាពសារព័ត៌មាន SBM News រង់ចាំការបំភ្លឺបន្ថែមទៀតពីសំណាក់មន្ត្រីរដ្ឋបាលខេត្តបាត់ដំបង នៅពេលក្រោយ ថាតើការសាងសង់របងរបស់ភាគីថៃ មានបានជម្រាបមកភាគីកម្ពុជា ជាពិសេសអាជ្ញាធរខេត្តបាត់ដំបងជាមុនដែរឬទេ? ហើយថា តើការសាងសង់របងថ្មីនេះ អាចលយចូល ឬបំពានចូលដីខ្មែរដែរ ឬយ៉ាងណា?...៕ អត្ថបទដោយ៖ ហៀប ស៊ីថេត+ អ៊ុន សម្ភស្ស



