
រាជធានីភ្នំពេញ៖ កម្ពុជាបង្ហាញជំហរប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការសម្រេចចិត្តដ៏គឃ្លើន និងតាមទំនើងចិត្តរបស់ភាគីថៃ ដោយបានប្រកាសចុះបញ្ជីប្រាសាទតាមាន់ និងប្រាសាទតាក្របី ចូលក្នុងបញ្ជីបូជនីយដ្ឋានបុរាណជាតិរបស់ខ្លួន ជាឯកតោភាគី នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ។ នេះបើតាមការចុះផ្សាយដោយកាសែតខាវសដ របស់ប្រទេសថៃ និងការឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងវប្បធម៌កម្ពុជា...។

សេចក្តីប្រកាសនេះ ត្រូវបានចុះផ្សាយក្នុងគេហទំព័ររាជកិច្ច (ឬRoyal Gazette) របស់ប្រទេសថៃ ក្រោមសេចក្តីថ្លែងការណ៍របស់នាយកដ្ឋានសិល្បៈថៃ ស្តីពីការចុះបញ្ជីការពារទីតាំងប្រាសាទបុរាណនៅទូទាំងខេត្តសុរិន្ទ ចូលទៅក្នុងបញ្ជីបូជនីយដ្ឋានបុរាណជាតិរបស់ខ្លួនជាឯកតោភាគី។ នៅក្នុងនោះ ភាគីថៃ ក៏បានយោងលើច្បាប់ស្តីពីបូជនីយដ្ឋានបុរាណឆ្នាំ១៩៦១ ដែលបានកែសម្រួលក្នុងឆ្នាំ១៩៩២ (ដែលជាច្បាប់ផ្ទៃក្នុង) ដើម្បីកំណត់យកប្រាសាទបុរាណខ្មែរ រួមមាន៖ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីរបស់កម្ពុជា នៅតាមបណ្តោយជួរភ្នំដងរែក ទៅធ្វើជាទ្រព្យសម្បត្តិជាតិរបស់ខ្លួន។

ឆ្លើយតបទៅនឹងបញ្ហាដ៏រសើបនេះ ក្នុងកិច្ចសម្ភាសផ្តាច់មុខតាមទូរសព្ទជាមួយការីនិពន្ធអង្គភាពព័ត៌មាន SBM News លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌កម្ពុជា បានបញ្ជាក់ថា លោកកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះព័ត៌មាននេះ តាមរយៈការស្វែងរកព័ត៌មានផ្លូវការដែលចេញដោយក្រសួងវប្បធម៌ ឬក៏នាយកដ្ឋានជំនាញណាមួយរបស់រាជរដ្ឋាភិបាលថៃ ព្រោះថា នេះគ្រាន់តែជាការចុះផ្សាយរបស់សារព័ត៌មានថៃតែប៉ុណ្ណោះ។ ជុំវិញការចុះបញ្ជីប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ចូលក្នុងបញ្ជីបូជនីយដ្ឋានបុរាណជាតិរបស់ថៃខ្លួនឯង ជាឯកតោភាគីនេះ លោក ស៊ុំ ម៉ាប់ បាននិយាយដោយសង្កត់ពាក្យធ្ងន់ៗ និងច្បាស់ៗថា៖«នេះគឺជាទង្វើប្រឆាំង..ព្រោះអី? [ថៃ]មិនអាចចុះបញ្ជីបេតិកភណ្ឌរបស់ប្រទេសមួយ ទៅក្នុងបញ្ជីរបស់ខ្លួនឯងបានទេ។ ហើយការចុះបញ្ជី..ក៏គ្មានឥទ្ធិពលផ្លូវច្បាប់ណាមួយបំប្លែងអ្វីដែលនៅក្នុងទឹកដីគេ មកជារបស់ខ្លួនឯងបានដែរ»។

«ការកំណត់អធិបតេយ្យភាព គឺទៅលើខ្សែព្រំដែន ហើយខ្សែព្រំដែនគឺមានសន្ធិសញ្ញាអន្តរជាតិ មានអនុសញ្ញា កិច្ចព្រមព្រៀងទ្វេភាគីនានា ហើយយន្តការប្រតិបត្តិដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនគឺមាន៖ JBC មាន RBC ជាដើម»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យក្រសួងវប្បធម៌កម្ពុជា បញ្ជាក់មកកាន់ SBM News។ ជាមួយគ្នា លោក ស៊ុំ ម៉ាប់ ក៏បានសង្កត់ធ្ងន់ផងដែរថា ពាក់ព័ន្ធនឹងចំណាត់ការបន្ត កម្ពុជានឹងមិននៅស្ងៀមចំពោះការរំលោភបំពាននេះទេ។ លោករៀបរាប់អំពីវិធានការក្ដៅដែលកម្ពុជានឹងត្រូវតតាំងជាមួយថៃវិញ យ៉ាងដូច្នេះថា៖«យើងត្រូវតែប្រឆាំងហើយ! យើង[..]មិនអាចឱ្យគេមកធ្វើអ្វីផ្តេសផ្តាសអ៊ីចឹងបានទេ។ យើងនឹងរៀបចំក្រោមទម្រង់ជាលិខិតតវ៉ាផ្លូវការទៅស្ថាប័នរបស់ថៃ និងអាចមានទម្រង់ជាសេចក្តីប្រកាសព័ត៌មានក្រោមទម្រង់នៃការប្រឆាំងទៅលើការងារអស់ហ្នឹង! ផ្ញើទៅជាពិសេស ក្រសួងស្ថាប័នសមត្ថកិច្ចរបស់ថៃខ្លួនឯង ហើយនិងវិធានការផ្សេងៗទៀតដែលចាំបាច់ ដែលយើងត្រូវតែចាប់យកមកអនុវត្ត»។

គួរបញ្ជាក់ផងដែរថា ប្រាសាទតាមាន់តូច, ប្រាសាទតាមាន់ធំ, និងប្រាសាទតាក្របី គឺជាមរតកស្ថាបត្យកម្មខ្មែរសុទ្ធសាធ ដូច្នេះ រាល់ការព្យាយាមលេបត្របាក់វប្បធម៌ និងទឹកដីកម្ពុជាពីសំណាក់ភាគីថៃ គឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ជាពិសេសជារឿងដែលកម្ពុជាមិនអាចទទួលយកបានឡើយ៕




