មិនបារម្ភរឿង ត្រាំ ទៅចិន! មេដឹកនាំតៃវ៉ាន់អះអាងថា ទំនាក់ទំនងជាមួយអាម៉េរិកនៅតែរឹងមាំ
N
Nary Vann
11 ឧសភា 2026 11:30 AM

ក្រុងតៃប៉ិ៖ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក លីន ឈីលុង (Lin Chia-lung) បានថ្លែងថា កោះតៃវ៉ាន់នៅតែមានទំនុកចិត្តយ៉ាងរឹងមាំ លើស្ថិរភាពនៃទំនាក់ទំនងរវាងទីក្រុងតៃប៉ិ និងរដ្ឋធានីវ៉ាស៊ីនតោន ទោះបីជាលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ត្រៀមទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភាក៏ដោយ...។

លោក លីន បញ្ជាក់ថា រដ្ឋាភិបាលកោះតៃវ៉ាន់ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះជំនួបខាងមុខ ហើយបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ទាំងតាមរយៈសេចក្ដីថ្លែងការណ៍សាធារណៈ និងបណ្តាញការងារសម្ងាត់ផ្សេងៗ។ ក្នុងនោះរដ្ឋធានីវ៉ាស៊ីនតោន តែងតែបញ្ជាក់ម្តងហើយម្ដងទៀតថា គោលនយោបាយសហរដ្ឋអាម៉េរិកចំពោះកោះតៃវ៉ាន់ នឹងមិនមានការប្រែប្រួលឡើយ។ ការបញ្ជាក់នេះ ធ្វើឡើងចំពេលដែលមេដឹកនាំចិន មិនដែលបោះបង់ចោលនូវការប្រើប្រាស់កម្លាំងបាយ ដើម្បីគ្រប់គ្រងកោះដែលខ្លួនចាត់ទុកជាដែនដីស្របច្បាប់របស់ចិននោះទេ ខណៈច្បាប់សហរដ្ឋអាម៉េរិកបានចងកាតព្វកិច្ចឱ្យរដ្ឋធានីវ៉ាស៊ីនតោន ត្រូវផ្ដល់មធ្យោបាយការពារខ្លួនដល់កោះតៃវ៉ាន់ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ បញ្ហាថវិកាការពារជាតិ បានក្លាយជាប្រធានបទដ៏ក្ដៅគគុក បន្ទាប់ពីសភាកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង បានអនុម័តកញ្ចប់ថវិកាការពារជាតិពិសេស ក្នុងកម្រិតមួយទាបជាងការស្នើសុំរបស់រដ្ឋាភិបាល នាំឱ្យមន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិក បង្ហាញការខកចិត្តយ៉ាងខ្លាំង។ លោក លីន ឈីលុង បានសង្កត់ធ្ងន់ថា សន្តិភាព គឺអាស្រ័យលើភាពរឹងមាំ ហើយតៃវ៉ាន់ចាំបាច់ត្រូវបង្ហាញពីសមត្ថភាពការពារខ្លួនឱ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់ការឈ្លានពានណាមួយ ពិសេសចំពេលបក្សកុម្មុយនីស្ដចិន កំពុងសម្រុកពង្រឹងកម្លាំងយោធា និងពង្រីកឥទ្ធិពលផ្ដាច់ការរបស់ខ្លួន។ លោកបានសម្ដែងក្ដីសង្ឃឹមថា សភាកោះតៃវ៉ាន់ នឹងអាចចាត់វិធានការកែតម្រូវលើកញ្ចប់ថវិកានេះឡើងវិញ ដើម្បីធានាថា គោលនយោបាយសន្តិសុខរបស់តៃវ៉ាន់ មានភាពរឹងមាំ ស្របតាមគោលដៅរួមជាមួយបណ្ដាប្រទេសដែលមានទស្សនវិស័យដូចគ្នា ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្ទតៃវ៉ាន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត