តៃវ៉ាន់មិនចុះចាញ់! ប្រធានាធិបតី ឡៃ ឈឹងតេ បង្ហាញឆន្ទៈដែកថែប វាយបកការដាក់សម្ពាធពីប៉េកាំង
N
Nary Vann
05 ឧសភា 2026 12:00 PM

ទីក្រុងតៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ បានធ្វើដំណើរត្រឡប់មកដល់មាតុភូមិវិញនៅថ្ងៃទី៥ ខែឧសភានេះ ជាមួយសារព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់រដ្ឋធានីប៉េកាំងថា តៃវ៉ាន់នឹងមិនចុះញ៉មចំពោះការដាក់សម្ពាធណាមួយឡើយ។

លោក ឡៃ ឈីងតេ
លោក ឡៃ ឈីងតេ

សារដ៏កម្រនេះធ្វើឡើងបន្ទាប់ពីរដ្ឋធានីប៉េកាំងបានព្យាយាមគ្រប់វិធីសាស្ដ្រ រារាំងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអេស្វាទីនី (Eswatini) រហូតដល់ថ្នាក់ប្រើឥទ្ធិពលបង្ខំឱ្យប្រទេសចំនួន៣ រួមមាន៖ សីស្ហែល (Seychelles) ម៉ូរីស (Mauritius) និងម៉ាដាហ្គាស្កា (Madagascar) បិទដែនអាកាសមិនឱ្យលោកហោះកាត់ ដែលនេះជាការបង្ហាញពីចេតនាចង់ធ្វើឱ្យតៃវ៉ាន់ឯកោទាំងស្រុងលើឆាកអន្តរជាតិ។

ឧបសគ្គនេះ បានធ្វើឱ្យលោក ឡៃ ឈីងតេ ត្រូវប្រើប្រាស់យន្តហោះឯកជនរបស់ស្តេចនៃប្រទេសអេស្វាទីនី ដើម្បីបំពេញទស្សនកិច្ចជាសម្ងាត់ និងចៀសវាងការតាមដានពីរដ្ឋធានីប៉េកាំង។ ទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាពជាមួយអេស្វាទីនី ដែលជាប្រទេសចុងក្រោយមួយក្នុងចំណោម ១២ប្រទេសដែលនៅមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់។

ថ្លែងនៅឯព្រលានយន្តហោះអន្តរជាតិតៅយាន លោក ឡៃ ឈីងតេ  បញ្ជាក់យ៉ាងច្បាស់ថា៖«តៃវ៉ាន់ជាកម្មសិទ្ធិរបស់ពិភពលោក ហើយប្រជាជនតៃវ៉ាន់មានសិទ្ធិពេញលេញក្នុងការដើរលើឆាកអន្តរជាតិ។ យើងនឹងមិនដកថយឡើយនៅចំពោះមុខការគាបសង្កត់»។ លោកបានបន្ថែមថា ការព្យាយាមរារាំងរបស់ចិនក្នុងដំណើរទស្សនកិច្ចនេះ មិនបានធ្វើឱ្យកោះតៃវ៉ាន់ចុះខ្សោយនោះទេ ប៉ុន្តែវាបានបង្ហាញឱ្យពិភពលោកកាន់តែច្បាស់ពីឆន្ទៈដ៏មោះមុតរបស់ប្រជាជនកោះតៃវ៉ាន់ ដែលមិនព្រមឱ្យនរណាម្នាក់មកត្រួតត្រាលើសេរីភាពនៃការធ្វើដំណើរការទូតរបស់ខ្លួនឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត