តៃវ៉ាន់ឆ្លើយតបវិញភ្លាមៗដោយគ្មានញញើត៖ «ចិនខ្លួនឯងសោះ ជាអ្នកគំរាមកំហែងសន្តិភាព» មិនមែនមកពីអាម៉េរិកនោះទេ
N
Nary Vann
មួយថ្ងៃមុន

ទីក្រុងតៃប៉ិ៖ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានដាស់តឿនប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ យ៉ាងខ្លាំងៗអំពីបញ្ហាកោះតៃវ៉ាន់ ភ្លាមៗ មន្រ្តីជាន់ខ្ពស់កោះតៃវ៉ាន់ លោក លៀង វិនចេ (Liang Wen-chieh) ​ក៏បានចេញមុខឆ្លើយតបវិញថា លទ្ធផលនៃជំនួបរវាងមេដឹកនាំចិន-អាម៉េរិកនៅរដ្ឋធានីប៉េកាំង រហូតមកដល់ពេលនេះ គឺពុំមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ។ លោក បន្តថា បញ្ហាតៃវ៉ាន់តែងតែជាប្រធានបទក្ដៅបំផុតជានិច្ច នៅក្នុងជំនួបរវាងមហាអំណាចទាំងពីរ។ 

ជាអនុប្រធាន ហើយក៏ជាអ្នកនាំពាក្យនៃក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹងប្រទេសចិនដីគោក (Mainland Affairs Council) លោក លៀង បានបញ្ជាក់យ៉ាងច្បាស់ថា គ្រោះថ្នាក់ពិតប្រាកដដែលបង្កឱ្យមានវិបត្តិ និងបំផ្លាញសន្តិភាពក្នុងតំបន់ គឺមកពីសកម្មភាពយោធារបស់ចិនដែលតែងតែបញ្ជូនយន្តហោះ និងនាវាចម្បាំងមកយាយីកោះតៃវ៉ាន់ជារៀងរាល់ថ្ងៃ។ លោកបានសង្កត់ធ្ងន់ថា៖«ប្រសិនបើការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្ទតៃវ៉ាន់ គឺជាចំណុចរួមធំបំផុតរវាងចិន និងអាម៉េរិកមែននោះ បក្សកុម្មុយនីស្ដចិនគួរតែបញ្ឈប់សកម្មភាពបំភិតបំភ័យដោយប្រើកម្លាំងយោធារបស់ខ្លួនជាបន្ទាន់»

លោក Liang Wen-chieh
លោក Liang Wen-chieh

រដ្ឋាភិបាលតៃវ៉ាន់នៅតែរក្សាជំហរដាច់ខាតក្នុងការការពារអធិបតេយ្យភាព ដោយអះអាងថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចសម្រេចវាសនារបស់ខ្លួនបាន។ ទន្ទឹមនឹងនេះ តៃវ៉ាន់នឹងបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ដែលជាអ្នកគាំទ្រដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់អាវុធធំបំផុត ដើម្បីការពារខ្លួន បើទោះបីជាចិនតែងតែគំរាមប្រើកម្លាំងបាយដើម្បីគ្រប់គ្រងកោះនេះក៏ដោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត