
រដ្ឋធានីប៉េកាំង៖ នៅមុនពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ធ្វើដំណើរទៅដល់រដ្ឋធានីប៉េកាំងដើម្បីជួបជាមួយលោក ស៊ី ជីនពីង ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បានចេញមកបញ្ជាក់ជំហរយ៉ាងដាច់អហង្កាថា ខ្លួនប្រឆាំងដាច់ខាតចំពោះឯករាជ្យភាពរបស់កោះតៃវ៉ាន់...។

ចិនចាត់ទុកកោះតៃវ៉ាន់ជាដែនដីរបស់ខ្លួន ខណៈប្រធានាធិបតីកោះនេះ គឺ លោក ឡៃ ឈីងតេ (Lai Ching-te) ទើបតែបានថ្លែងថា តៃវ៉ាន់ជាប្រទេសមានអធិបតេយ្យភាព សេរីភាព និងមិនចុះចាញ់ចំពោះការគំរាមកំហែងឡើយ។ ឆ្លើយតបនឹងរឿងនេះ អ្នកនាំពាក្យចិន លោកស្រី ចាង ហាន (Zhang Han) បានហៅសម្ដីរបស់មេដឹកនាំតៃវ៉ាន់ថា ជាពាក្យភូតកុហក ដោយលោកស្រីបានសង្កត់ធ្ងន់ថា៖«ទោះបីជាលោក ឡៃ ឈីងតេ និយាយកុហកដដែលៗ ១០០០ដងក៏ដោយ ក៏វានៅតែជាពាក្យកុហក ហើយមិនអាចក្លាយជាការពិតបានឡើយ»។ លោកស្រីបន្ថែមដោយប្រើសម្ដីធ្ងន់ៗថា៖«ការប្តេជ្ញាចិត្តរបស់យើងក្នុងការប្រឆាំងឯករាជ្យភាពតៃវ៉ាន់ គឺរឹងមាំដូចថ្មដា ហើយសមត្ថភាពរបស់យើងក្នុងការកម្ទេចចលនាបំបែកខ្លួន គឺមិនអាចបំបែកបានឡើយ»។

ទោះបីជាចិនតែងតែលើកឡើងពីបំណងចង់បង្រួបបង្រួមជាតិដោយសន្តិវិធីក៏ដោយ ប៉ុន្តែរដ្ឋធានីប៉េកាំង មិនដែលបោះបង់ចោលការប្រើប្រាស់កម្លាំងយោធានោះឡើយ។ ភាពតានតឹងកាន់តែរីកធំឡើង ខណៈដែលរដ្ឋបាលលោក ត្រាំ បានបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លាចំពោះកោះតៃវ៉ាន់ តាមរយៈការអនុម័តកញ្ចប់អាវុធដែលមានតម្លៃរហូតដល់ ១១ពាន់លានដុល្លារ កាលពីខែធ្នូកន្លងទៅ ដែលជាកញ្ចប់អាវុធធំបំផុតមិនធ្លាប់មាន។ ជំនួបរវាងមេដឹកនាំមហាអំណាចទាំងពីរនៅសប្តាហ៍នេះ នឹងក្លាយជាការសាកល្បងដ៏សំខាន់មួយសម្រាប់ស្ថិរភាពនៅក្នុងច្រកសមុទ្ទតៃវ៉ាន់ និងទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងចិន៕



