
រដ្ឋធានីណៃពិដោ៖ អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានរដ្ឋាភិបាលយោធាសម្រេចបន្ធូរបន្ថយទោសចំនួនមួយភាគប្រាំមួយបន្ថែមទៀត តាមរយៈការលើកលែងទោសជាទូទៅ។ នេះបើយោងតាមការបញ្ជាក់ពីសមាជិកនៃក្រុមមេធាវីរបស់លោកស្រី នៅថ្ងៃទី៣០ ខែមេសា ដែលជាការកាត់បន្ថយទោសលើកទីពីរក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ចុងក្រោយនេះ...។

ក្រោយការបន្ធូរបន្ថយ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ នឹងនៅសល់រយៈពេលជាប់ពន្ធនាគារប្រមាណជាង១៨ឆ្នាំទៀត ពីទោសសរុបដើម៣៣ឆ្នាំ ដែលត្រូវបានចោទប្រកាន់ពីបទពុករលួយ និងការបំពានច្បាប់សម្ងាត់រដ្ឋ។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានាពេលនេះ កើតឡើងចំពេលលោកប្រធានាធិបតី មីន អ៊ុងឡាំង កំពុងរងសម្ពាធយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ជាពិសេសពីប្លុកអាស៊ាន ដែលទាមទារឱ្យមានការដោះលែងអ្នកទោសនយោបាយ និងការវិលត្រឡប់ទៅរកមាគ៌ាលទ្ធិប្រជាធិបតេយ្យឡើងវិញ។

កាលពីសប្តាហ៍មុន លោក មីន អ៊ុងឡាំង ក៏បានបង្ហើបប្រាប់រដ្ឋមន្ត្រីការបរទេសថៃថា រដ្ឋាភិបាលលោក កំពុងពិចារណាលើរឿងល្អៗមួយចំនួនសម្រាប់លោកស្រី ស៊ូជី ដែលត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រមួយដើម្បីសម្រាលកម្ដៅនយោបាយ និងដើម្បីឱ្យមីយ៉ាន់ម៉ាអាចត្រឡប់មកចូលរួមកិច្ចប្រជុំកំពូលអាស៊ានវិញបាន បន្ទាប់ពីត្រូវបានហាមឃាត់អស់រយៈពេលជាច្រើនឆ្នាំ។

ទោះជាយ៉ាងណា ទីតាំងឃុំខ្លួនពិតប្រាកដរបស់លោកស្រី អ៊ុងសាន ស៊ូជី នៅតែជាអាថ៌កម្បាំងនៅឡើយ ហើយរដ្ឋាភិបាលយោធាមិនទាន់អនុញ្ញាតឱ្យក្រុមគ្រួសារ ឬមេធាវីបានជួបមុខលោកស្រីផ្ទាល់នៅឡើយទេ។ ក្រុមអ្នកវិភាគយល់ឃើញថា ទោះបីជាមានការបន្ធូរបន្ថយទោសជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែដរាបណាលោកស្រីមិនទាន់មានសេរីភាពពេញលេញ នោះវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា នឹងនៅតែជាចំណុចក្ដៅដែលបំបែកសាមគ្គីភាពក្នុងតំបន់ និងជាឧបសគ្គដល់ការស្ដារទំនាក់ទំនងរវាងមីយ៉ាន់ម៉ា និងពិភពលោក៕





