
រដ្ឋធានីណៃពិដោ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍ថា អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ត្រូវបានផ្ទេរពីពន្ធនាគាររដ្ឋធានីណៃពិដោ ទៅឃុំខ្លួនក្នុងផ្ទះវិញ ដែលជាការផ្លាស់ប្ដូរដ៏សំខាន់មួយនៃស្ថានភាពឃុំខ្លួនរបស់លោកស្រី។

នេះជាលើកទីមួយហើយ ដែលលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្ទេរចេញពីពន្ធនាគារ យកទៅដាក់ឃុំក្នុងផ្ទះជំនួសវិញ ចាប់តាំងពីលោកស្រីត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីរដ្ឋប្រហារយោធាទម្លាក់លោកស្រីចេញពីអំណាច នៅដើមឆ្នាំ២០២១។ ការសម្រេចចិត្តយកលោកស្រីទៅឃុំក្នុងផ្ទះនេះ ធ្វើឡើងបន្ទាប់ពីមានការលើកលែងទោសជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់លោក មីន អ៊ុងឡាំង (Min Aung Hlaing) ដែលបានស្បថចូលកាន់តំណែងជាប្រធានាធិបតីកាលពីដើមខែមេសា។

លោក មីន អ៊ុងឡាំង នេះហើយ ជាអ្នកដឹកនាំក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី ចេញពីអំណាច។ ក្រៅពីការបញ្ជូនលោកស្រី ទៅឃុំក្នុងផ្ទះ លោកស្រី ក៏ទទួលបានការបន្ធូរបន្ថយទោសខ្លះដែរ។ ដំបូងឡើយ ទោសជាប់ពន្ធនាគារសរុបរបស់លោកស្រី គឺ៣៣ឆ្នាំ តែក្រោយទទួលបានការកាត់បន្ថយជាបន្ទាប់ ទោសនៅសល់ជាង១៨ឆ្នាំ៕



