
ក្រុងព្រះវិហារ៖ មន្រ្តីយោធាហ្វីលីពីន ដែលទើបចូលកាន់តំណែងប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តពីប្រទេសម៉ាឡេស៊ី បានចាប់ផ្ដើមដឹកនាំបេសកកម្មចុះពិនិត្យមើលស្ថានភាពតាមព្រំដែនហើយ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដោយបេសកកម្មថ្ងៃដំបូងនេះ គឺនៅប្រាសាទព្រះវិហារ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហារពីសំណាក់យោធាថៃ កាលពីចុងឆ្នាំ២០២៥។

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ប្រធានថ្មីនៃក្រុម AOT បានដឹកនាំការងារចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជា-ថៃ។ អ្នកនាំពាក្យ បង្ហាញជំហរដូចរាល់ដងថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍ AOT ដែលមានសារសំខាន់មិនអាច។

លោកស្រី បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតចំពោះសេចក្តីប្រកាសរួមនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC), សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព, និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពតាមបណ្តាយព្រំដែនប្រទេសទាំងពីរឡើងវិញ៕






