សិង្ហបុរី និងម៉ាឡេស៊ី បន្តបញ្ជូននាយទាហានមកកម្ពុជា ដើម្បីចូលរួមឃ្លាំមើលជម្លោះព្រំដែនជាមួយថៃ
អុន សម្ផស្ស
28 មីនា 2026 09:32 AM

រាជធានីភ្នំពេញ៖ ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី បន្តចាត់បញ្ជូននាយទាហានមកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តវិធានការទាំងអស់ ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ នាយទាហានទាំងនោះ បានមកដល់កម្ពុជាហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។

ទាហានបន្តវេនសិង្ហបុរីមកដល់កម្ពុជា។
ទាហានបន្តវេនសិង្ហបុរីមកដល់កម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បញ្ជាក់ថា សិង្ហបុរី ចាត់បញ្ជូននាយទាហាន២រូប រួមមាន លោកវរសេនីយ៍ត្រី វ៉ុង ចឹង អឺណេស (Wong Zheng Ernest) និងលោកព្រិន្ទបាលឯក សាស៊ី គូម៉ា (Shasi Kumar)។ ចំណែកម៉ាឡេស៊ី ក៏បានចាត់បញ្ជូននាយទាហាន២រូបដែរ គឺ លោកវរសេនីយ៍ទោ ម៉ូត អាមីន ប៊ីន បាហារុម (Mohd Amin Bin Baharom) និងលោកវរសេនីយ៍ទោ ម៉ូត អឺរី ប៊ីន ឌុល (Mohd Erry Bin Dul TLDM)។ នាយទាហារទាំង៤រូប នឹងត្រូវចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន។ ការបញ្ជូននាយទាហានថ្មីនេះ គឺដើម្បីបន្តវេនពីនាយទាហានចាស់ដែលបានបំពេញបេសកកម្មនៅកម្ពុជា ពាក់ព័ន្ធនឹងការចូលរួមសង្កេតមើលស្ថានការណ៍តាមព្រំដែន។

ទាហានបន្តវេនម៉ាឡេស៊ីមកដល់កម្ពុជា។
ទាហានបន្តវេនម៉ាឡេស៊ីមកដល់កម្ពុជា។

ជាថ្មីម្តងទៀត កម្ពុជាប្រកាសផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់លើសារសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ព្រមទាំងវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជា-ថៃ។ ទន្ទឹមគ្នា កម្ពុជា តែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត៕

ទាហានបន្តវេនម៉ាឡេស៊ីមកដល់កម្ពុជា។
ទាហានបន្តវេនម៉ាឡេស៊ីមកដល់កម្ពុជា។
ទាហានបន្តវេនសិង្ហបុរីមកដល់កម្ពុជា។
ទាហានបន្តវេនសិង្ហបុរីមកដល់កម្ពុជា។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត