
រាជធានីភ្នំពេញ៖ នៅម៉ោង១២:៥នាទីថ្ងៃត្រង់ ទី១៤ ខែឧសភា ឆ្នាំ២០២៦ លិខិតបង្គាប់ការមួយសន្លឹក បានផុសចេញពីទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម នោះគឺជាលិខិតស្តីពីការដកលោក គឹម ប្រុស ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តបាត់ដំបង (ក.ប.ប.ខេត្តបាត់ដំបង)។ តាមពិត លិខិតបង្គាប់ការនេះ ធ្វើឡើងតាំងពីថ្ងៃ៦ឧសភាមកម្ល៉េះ ប៉ុន្តែមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះទេ គឺគេទើបតែឃើញក្រោយមានប្រតិកម្មពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។

ថ្លែងចេញពីពិធីជួបជុំជាមួយមន្រ្តីនៅខេត្តស្វាយរៀង នាព្រឹកថ្ងៃ១៤ឧសភានេះ សម្តេចតេជោ បានស្នើឱ្យដកមន្រ្តីក.ប.ប. ដែលអះអាងថា មិនមានទុរេននាំចូលពីថៃ ទាំងដែលការពិត គឺមាននាំចូលពីថៃ។ ស្រ្តីវ័យក្មេងម្នាក់ឈ្មោះ អាឡែន ជាអាជីវករលក់ផ្លែឈើនៅផ្សារភួពុយ ខេត្តបាត់ដំបង បានសារភាពតាមត្រង់ថា នាងពិតជាបានលួចនាំចូលទុរេនពីថៃដល់ទៅ៣ដង។ នាង ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ ហើយបច្ចុប្បន្ន កំពុងជាប់ឃុំជាបណ្តោះអាសន្ន។

តាមរយៈលិខិតបង្គាប់ការរបស់ខ្លួន លោក គឹម មាសសុខសីហា ជាអគ្គនាយកក.ប.ប. បានប្រាប់ឱ្យលោក គឹម ប្រុស ទៅបំពេញការងារនៅនាយកដ្ឋានកិច្ចការប្រកួតប្រជែងនៃក្រសួងពាណិជ្ជកម្ម ហើយតំណែងត្រូវបានប្រគល់ទៅឱ្យលោក ចេវ ជីវ័ន្ត កាន់កាប់ជាបណ្ណោះអាសន្ន។ លោក ចេវ ជីវ័ន្ត ដែលជាអនុប្រធានក.ប.ប.ខេត្តបាត់ដំបងស្រាប់ ត្រូវបានចាត់តាំងជាប្រធានស្តីទី។ ក្រសួងពាណិជ្ជកម្ម ដែលជាអាណាព្យាបាលរបស់អគ្គនាយកដ្ឋានក.ប.ប. បានសរសេរសារអមជាមួយលិខិតបង្គាប់ការនេះថា លោក គឹម ប្រុស ត្រូវបានប្តូរទៅឱ្យបំពេញការងារនៅនាយកដ្ឋានកិច្ចការប្រកួតប្រជែងនៃក្រសួងពាណិជ្ជកម្ម ដើម្បីបន្តនីតិវិធីតាមច្បាប់៕



