
ក្រុងកំពត៖ សិប្បកម្មវេចខ្ចប់ស្ករសខុសច្បាប់មួយកន្លែង មានទីតាំងស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានអាជ្ញាធរចុះបង្រ្កាប និងរកឃើញសិប្បកម្មនេះលួចនាំចូលស្ករសពីថៃ ហើយក៏ប្ដូរសំបកបាវស្ករសពីអក្សរថៃ ទៅជាអក្សរវៀតណាមវិញ ដើម្បីអាចលក់ចេញបន្តបាន។ នេះបើតាមការផ្សាយរបស់រដ្ឋបាលខេត្តកំពត។

ប្រតិបត្តិការបង្រ្កាបទីតាំងសិប្បកម្មខុសច្បាប់ខាងលើ ដឹកនាំដោយលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដោយមានការចូលរួមពីសាខាគយ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) មន្ទីរពាណិជ្ជកម្មខេត្ត អជ្ញាធរស្រុក និងតំណាងអយ្យការ កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។ ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានរកឃើញភស្តុតាងនៃសកម្មភាពល្មើសច្បាប់ ដោយម្ចាស់ទីតាំងបានលួចបន្លំផ្លាស់ប្ដូរសំបកបាវស្ករស មានអក្សរថៃដែលជាប្រភពដើម មកច្រកក្នុងសំបកបាវថ្មី មានអក្សរវៀតណាមវិញ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងបន្លំប្រភពទំនិញក្នុងទីផ្សារ។

ក្រោយរកឃើញអំពើល្មើសច្បាប់នេះ លោក ម៉ៅ ធនិន បានដាក់ចេញវិធានការម៉ឺងម៉ាត់ភ្លាមៗ ដោយបង្គាប់ឱ្យម្ចាស់សិប្បកម្មត្រូវទូទាត់ប្រាក់ឈ្នួលជូនកម្មករឱ្យគ្រប់ចំនួន រួចធ្វើកំណត់ហេតុអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។ បច្ចុប្បន្ន កម្លាំងជំនាញចម្រុះកំពុងសហការជាមួយតំណាងអយ្យការ ដើម្បីកសាងសំណុំរឿង ចាត់វិធានការតាមនីតិវិធីច្បាប់គ្មានការយោគយល់ឡើយ៕







