
ខេត្តស្វាយរៀង៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានស្នើដល់ឱ្យពិនិត្យ និងដកមន្រ្តីពីស្ថាប័នការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ដែលកាងជនខិលខូច ដោយបានកុហករឿងទុរេននាំចូលពីថៃ ថាជាទុរេនខ្មែរមកពីខេត្តកំពង់ចាម។

សម្ដេច ចាត់ទុកការដកមន្រ្តីដែលកាងជនខិលខូចក្នុងករណីនេះ ថាជាសារព្រមានដល់មន្រ្តីទាំងអស់ កុំឱ្យពូកែកុហកថ្នាក់លើ និងប្រជាជន។ សម្ដេច លើកសំណើនេះឡើងក្នុងវេទិកាជួបអង្គបោះឆ្នោតនៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ហើយត្រូវបានលោក ជា ធីរិទ្ធ អ្នកនាំពាក្យផ្ទាល់របស់សម្តេច ស្រង់យកទៅបង្ហោះលើគណនីហ្វេសប៊ុក។

សូមរម្លឹកថា ថ្មីៗនេះ អាជ្ញាធរបានឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ អាឡែន ជាអាជីវករលក់ដូរផ្លែឈើនៅផ្សារភួពុយ ខេត្តបាត់ដំបង ដែលលួចនាំចូលទុរេនពីថៃមកកម្ពុជាដល់ទៅ៣ដង តាមច្រកព្រំដែនកាប៊ីន ប៉ុន្តែបែរជាមន្រ្តីជំនាញក.ប.ប.ខេត្តបាត់ដំបង ចុះទៅពិនិត្យផ្ទាល់ រួចអះអាងថា ទុរេនក្នុងផ្សារភួពុយនោះ មិនមែននាំចូលពីថៃនោះទេ តែជាទុរេនខ្មែរនាំមកពីខេត្តកំពង់ចាម បណ្តាលឱ្យផ្ទុះការរិះគន់យ៉ាងខ្លាំង។ សម្តេចប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា សម្តេចជាអ្នកកំពង់ចាម ទុរេនកំពង់ចាម មិនទាន់មានលទ្ធភាពផ្គត់ផ្គង់ទៅបាត់ដំបងនោះទេ៕




