
រដ្ឋធានីឡាហាវ៉ាន៖ លោក វីសេនតេ ដឺ ឡា អូ ឡេវី (Vicente de la O Levy) ជារដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែប្រទេសគុយបា បានប្រកាសដោយក្ដីអស់សង្ឃឹមថា ប្រទេសគុយបា បានអស់ប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈពីស្តុកបម្រុងទាំងស្រុងហើយ កាលពីថ្ងៃពុធទី១៣ ខែឧសភា។ ស្ថានភាពនេះ បានធ្វើឱ្យរដ្ឋធានីឡាហាវ៉ាន (Havana) ប្រឈមនឹងការដាច់ចរន្តអគ្គិសនីដ៏អាក្រក់បំផុតមិនធ្លាប់មាន ដោយតំបន់ខ្លះត្រូវរស់នៅក្នុងភាពងងឹតរហូតដល់២២ម៉ោងក្នុង១ថ្ងៃ ដែលបង្កឱ្យមានភាពតានតឹងយ៉ាងខ្លាំងដល់ប្រជាជនជិត១០លាននាក់ដែលកំពុងខ្វះខាតទាំងអាហារ និងឱសថស្រាប់ទៅហើយ។

មូលហេតុចម្បងនៃវិបត្តិនេះ គឺមកពីវិធានការបិទខ្ទប់របស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានគំរាមដាក់ពន្ធលើប្រទេសណាដែលហ៊ានដឹកជញ្ជូនប្រេងឱ្យគុយបា។ វិធានការនេះបានធ្វើឱ្យដៃគូផ្គត់ផ្គង់ចាស់ៗ ដូចជា ម៉ិកស៊ិក និងវេណេហ្ស៊ុយអេឡា មិនហ៊ានផ្ញើប្រេងឱ្យគុយបាចាប់តាំងពីខែមករាមក។ ទន្ទឹមនឹងនេះ សង្រ្គាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ក៏បានជំរុញឱ្យតម្លៃប្រេងសកល និងតម្លៃដឹកជញ្ជូនហក់ឡើងខ្ពស់ ដែលធ្វើឱ្យគុយបាកាន់តែពិបាកក្នុងការរកទិញប្រេងពីប្រភពផ្សេងៗទៀត។

បច្ចុប្បន្ន បណ្ដាញអគ្គិសនីជាតិរបស់គុយបាកំពុងដំណើរការដោយពឹងផ្អែកតែលើប្រេងឆៅក្នុងស្រុក ហ្កាសធម្មជាតិ និងថាមពលពន្លឺព្រះអាទិត្យបន្តិចបន្តួចប៉ុណ្ណោះ។ កាលពីសប្តាហ៍មុន អង្គការសហប្រជាជាតិ បានរិះគន់វិធានការរបស់លោក ត្រាំ ក្នុងការបិទផ្លូវប្រេងឥន្ធនៈ ថាជាទង្វើខុសច្បាប់ ព្រោះរំលោភលើសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនគុយបា ដូចជាសិទ្ធិទទួលបានអាហារ ការអប់រំ សុខភាព និងទឹកស្អាតជាដើម៕






