
រដ្ឋធានីប៉េកាំង៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់រដ្ឋធានីប៉េកាំងហើយ នៅយប់ថ្ងៃទី១៣ ខែឧសភា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ ដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។ នេះគឺជាលើកទីមួយហើយក្នុងរយៈពេលជាង៨ឆ្នាំ ដែលប្រធានាធិបតីអាម៉េរិកបានជាន់ទឹកដីចិន ចំពេលដែលសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងឆាបឆេះ និងការប្រកួតប្រជែងសេដ្ឋកិច្ចរវាងមហាអំណាចទាំងពីរកំពុងឡើងកម្ដៅ។

លោក ត្រាំ ត្រូវបានទទួលស្វាគមន៍យ៉ាងឱឡារិកនៅព្រលានយន្តហោះ ដោយអនុប្រធានាធិបតីចិន លោក ហាន ចឹង (Han Zheng) រួមជាមួយក្រុមតន្ត្រីយោធា និងកុមារចិនរាប់រយនាក់ដែលបក់ទង់ជាតិ ជាមួយសម្រែកថា «ស្វាគមន៍យ៉ាងកក់ក្ដៅ»។ ក្នុងដំណើរទស្សនកិច្ចនេះ លោក ត្រាំ នឹងជួបពិភាក្សាទល់មុខជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីជជែកពីបញ្ហាសំខាន់ៗ ដូចជា៖ វិបត្តិនៅអ៊ីរ៉ង់ សន្តិសុខថាមពល និងការលក់អាវុធឱ្យតៃវ៉ាន់។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺ លោក ត្រាំ បាននាំប្រតិភូធុរកិច្ចល្បីៗជាច្រើនរូបទៅជាមួយ រួមមាន លោក អ៊ីឡុន ម៉ាស (Elon Musk) នាយកប្រតិបត្តិរបស់ក្រុមហ៊ុនតេស្លា, លោក ធីម ឃុក (Tim Cook) មកពីក្រុមហ៊ុន Apple និងលោក ជិនសឹន ហួង (Jensen Huang) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia (អ៊ិនវីដៀ)។ គេរំពឹងថា ប្រទេសទាំងពីរនឹងប្រកាសបង្កើតយន្តការថ្មីសម្រាប់ដោះស្រាយវិវាទពាណិជ្ជកម្ម និងវិនិយោគ ខណៈចិនអាចនឹងប្រកាសបញ្ជាទិញយន្តហោះ Boeing ក៏ដូចជាផលិតផលកសិកម្ម និងថាមពលពីអាម៉េរិកបន្ថែមទៀត។

ព្រឹត្តិការណ៍នេះបានបង្កឱ្យមានភាពរំជើបរំជួលយ៉ាងខ្លាំងនៅក្នុងរដ្ឋធានីប៉េកាំង ដោយមានមនុស្សជាង៩លាននាក់បានទស្សនាការផ្សាយផ្ទាល់តាមទូរទស្សន៍រដ្ឋ CCTV ហើយពាក្យថា «ត្រាំ មកដល់ប៉េកាំង» បានក្លាយជាប្រធានបទក្ដៅបំផុតនៅលើបណ្ដាញសង្គម Weibo ខណៈសន្តិសុខត្រូវបានរឹតបណ្តឹងយ៉ាងខ្លាំងនៅទូទាំងរដ្ឋធានី។ មុនពេលទៅដល់ លោក ត្រាំ ក៏បានបង្ហោះសារលើបណ្ដាញសង្គមថា លោកនឹងស្នើឱ្យលោក ស៊ី ជីនពីង បើកចំហប្រទេសចិនឱ្យកាន់តែទូលាយ ដើម្បីឱ្យអ្នកជំនាញនិងវិនិយោគិនអាម៉េរិកអាចចូលទៅជួយជំរុញសេដ្ឋកិច្ចចិនឱ្យកាន់តែរីកចម្រើនខ្លាំងជាងមុនផងដែរ៕



