ត្រាំមិនត្រូវការជំនួយពីប្រទេសចិន ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់
ហៀប ស៊ីថេត
8 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃអង្គារទី១២ឧសភាថា លោកមិនត្រូវការជំនួយពីប្រទេសចិន ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ទេ ទោះបីក្ដីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងកំពុងរង្គោះរង្គើ ហើយរដ្ឋធានីតេហេរ៉ង់បានរឹតបន្តឹងការគ្រប់គ្រងលើច្រកសមុទ្ទហ័រមូស្សក៏ដោយ...។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

មុនពេលហោះទៅរដ្ឋធានីប៉េកាំង លោក ត្រាំ បានអះអាងថា លោកគិតថា លោកមិនចាំបាច់ត្រូវពឹងពាក់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីដោះស្រាយជម្លោះ ដែលកំពុងធ្វើឱ្យកកស្ទះនាវាចរណ៍នៅច្រកសមុទ្ទហ័រមូស្ស ដែលជាដង្ហើមប្រេង២០ភាគរយ និងការដឹកទំនិញឆ្លងកាត់គ្រប់ប្រភេទនៃពិភពលោកនោះទេ។ «ខ្ញុំគិតថា..យើងមិនត្រូវការជំនួយណាមួយជាមួយអ៊ីរ៉ង់ទេ។ យើងនឹងឈ្នះសង្គ្រាមនេះតាមវិធីណាមួយ មិនថាដោយសន្តិវិធី ឬតាមវិធីផ្សេងទៀតឡើយ»។ នេះបើតាមសម្តី ត្រាំ ថ្លែងប្រាប់អ្នកយកព័ត៌មាន។

លោក ដូណាល់ ត្រាំ(ឆ្វេង) លោក ស៊ី ជីនពីង
លោក ដូណាល់ ត្រាំ(ឆ្វេង) លោក ស៊ី ជីនពីង

ជាងមួយខែបន្ទាប់ពីបទឈប់បាញ់បណ្ដោះអាសន្ន បានចូលជាធរមាន ភាគីទាំង២ មិនទាន់មានវឌ្ឍនភាពណាមួយលើកិច្ចព្រមព្រៀងបញ្ចប់អរិភាពឡើយ។ ផ្ទុយទៅវិញ អ៊ីរ៉ង់ហាក់ដូចជាកំពុងពង្រឹងការគ្រប់គ្រងលើច្រកសមុទ្ទហ័រមូស្ស ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញប្រេង និងហ្គាសជាមួយប៉ាគីស្ថាន និងអ៊ីរ៉ាក់។ យោងតាមប្រភពជិតស្និទ្ធ បណ្ដាប្រទេសផ្សេងទៀត ក៏កំពុងពិចារណាលើកិច្ចព្រមព្រៀងស្រដៀងគ្នា ដែលអាចធ្វើឱ្យការគ្រប់គ្រងរបស់អ៊ីរ៉ង់លើផ្លូវទឹកនេះ ក្លាយជាលក្ខណៈអចិន្ត្រៃយ៍។

រដ្ឋបាលលោក ត្រាំ បានអះអាងថា កាលពីខែមុន មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិក និងចិន បានព្រមព្រៀងគ្នាថា មិនគួរមានប្រទេសណាមួយយក«ថ្លៃឆ្លងកាត់នាវានៅច្រកសមុទ្ទហ័រមូស្សនោះទេ»។ សហរដ្ឋអាម៉េរិកទាមទារឱ្យអ៊ីរ៉ង់បញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ។ យ៉ាងណា អ៊ីរ៉ង់ទាមទារសំណងសម្រាប់ការខូចខាតសង្គ្រាម, បញ្ឈប់ការបិទខ្ទប់របស់សហរដ្ឋអាម៉េរិក និងបញ្ចប់សង្គ្រាមនៅគ្រប់ទិស រួមទាំងនៅលីបង់ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត