តម្លៃប្រេងហក់ឡើងវិញ ខណៈពិភពលោកកំពុងអ៊ុតមើលលទ្ធផលជំនួបលោក ត្រាំ និងលោក ស៊ី
N
Nary Vann
3 ម៉ោងមុន

ប៉េកាំង៖ តម្លៃប្រេងពិភពលោក បានហក់ឡើងបន្តិចវិញ នៅថ្ងៃទី១៤ ខែឧសភានេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលលទ្ធផលនៃជំនួបដ៏សំខាន់រវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង

លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង
លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង

តម្លៃប្រេងឆៅប្រភេទ Brent បានហក់ឡើងដល់១០៥,៧៦ដុល្លារ រីឯប្រេង WTI របស់អាម៉េរិក កើនដល់ ១០១,១៤ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីតម្លៃនេះទើបតែបានធ្លាក់ចុះបន្តិចប៉ុណ្ណោះ នៅថ្ងៃទី១៣ ខែឧសភា។ ចំណុចក្ដៅដែលទីផ្សារកំពុងផ្ដោតអារម្មណ៍បំផុត គឺថាតើលោក ត្រាំ អាចបញ្ចុះបញ្ចូលឱ្យលោក ស៊ី ជីនពីង ជួយដោះស្រាយវិបត្តិសង្រ្គាមនៅអ៊ីរ៉ង់បានកម្រិតណា។

ទោះបីជាលោក ត្រាំ ធ្លាប់និយាយថា លោកមិនត្រូវការជំនួយពីចិនដើម្បីបញ្ចប់សង្រ្គាមក៏ដោយ ប៉ុន្តែអ្នកវិភាគយល់ថា បើគ្មានការព្រមព្រៀងគ្នាដើម្បីបើកច្រកសមុទ្ទហ័រមូស្សឡើងវិញទេនោះ អាម៉េរិកអាចនឹងសល់ជម្រើសតិចតួចបំផុត ក្រៅពីការបន្តសកម្មភាពយោធា។ បញ្ហាកាន់តែស្មុគស្មាញ ដោយសារចិនគឺជាម៉ូយទិញប្រេងធំជាងគេរបស់អ៊ីរ៉ង់ ដោយកាលពីឆ្នាំ២០២៥ ប្រេងដែលអ៊ីរ៉ង់នាំចេញដល់ទៅ៨០ភាគរយ គឺឆ្ពោះទៅកាន់ប្រទេសចិន។

ទន្ទឹមនឹងនេះ អ៊ីរ៉ង់ហាក់កំពុងពង្រឹងការគ្រប់គ្រងលើច្រកសមុទ្ទហ័រមូស្សកាន់តែខ្លាំង តាមរយៈការធ្វើកិច្ចព្រមព្រៀងជាមួយប៉ាគីស្ថាន និងអ៊ីរ៉ាក់ ដើម្បីដឹកជញ្ជូនប្រេង និងហ្កាសចេញពីតំបន់នោះ។ អ្នកវិភាគព្រមានថា ប្រសិនបើជំនួបមហាអំណាចទាំងពីរមិនអាចរកច្រកចេញដើម្បីបើកផ្លូវទឹកឡើងវិញបានទេ តម្លៃថាមពលពិភពលោកអាចនឹងបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ ហើយប្រឈមនឹងការឡើងថ្លៃបន្ថែមទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត