
រាជធានីភ្នំពេញ៖ កម្ពុជា-វៀតណាម ចាំបាច់ត្រូវតែប្រឹងប្រែងឱ្យកាន់តែខ្លាំងបន្ថែមទៀត ធ្វើយ៉ាងណាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យឡើងដល់២០ពាន់លានដុល្លារនាពេលខាងមុខ តាមអ្វីដែលប្រទេសទាំងពីរធ្លាប់បានប្ដេជ្ញារួមគ្នា។ នេះជាបំណងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី ក្នុងជំនួបជាមួយលោក ត្រិញ វ៉ាន់ក្វៀត ប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្ស កុម្មុយនីស្ដវៀតណាម នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦…។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាស៍ថា ទំនាក់ទំនងស្នូលរវាងកម្ពុជា និងវៀតណាម នៅតែមិនអាចកាត់ផ្ដាច់បានពីទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ កាលពីឆ្នាំ២០២៥កន្លងទៅ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម បានកើនឡើងដល់១១ពាន់លានដុល្លារអាម៉េរិក ដូច្នេះ ២០ពាន់លានដុល្លារនេះប្រទេសទាំងពីរមានលទ្ធភាពធ្វើទៅបាន ព្រោះពីមួយឆ្នាំទៅមួយឆ្នាំ កំណើននៃការនាំចេញនៅក្នុងផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើងជាលំដាប់។ សម្ដេចគូសបញ្ជាក់បន្ថែមថា យ៉ាងណាក៏ដោយ ដើម្បីអាចម្រេចបានតាមផែនការនេះ ប្រទេសទាំងពីរត្រូវតែប្រឹងប្រែងឱ្យកាន់តែខ្លាំងជាងមុនទៅទៀត។

លោក ត្រិញ វ៉ាន់ក្វៀត បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់សម្ដេចតេជោ ទាក់ទងទៅនឹងការពង្រីកពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម ហើយលោកជឿថា ប្រទេសទាំងពីរ ប្រាកដជាអាចសម្រេចទិសដៅពង្រីកទំហំពាណិជ្ជកម្មដល់២០ពាន់លានដុល្លារ នាពេលខាងមុខ។ លោកក៏បានលើកឡើងជុំវិញទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ថាមានភាពរឹងមាំទាំងនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ, ក្របខណ្ឌនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ, ប្រជាជននិងប្រជាជន ដែលមានភាពរីកចម្រើនជាបន្តបន្ទាប់។ ជាក់ស្ដែង កិច្ចសហប្រតិបត្តិការនៅតាមព្រំដែន ប្រទេសទាំងពីរ ធ្វើការបានយ៉ាងល្អ និងជិតស្និទ្ធជាមួយគ្នា ដោយរក្សាបាននូវសន្តិសុខ សន្តិភាព នៅតាមព្រំដែនយ៉ាងរឹងមាំហើយនឹងបន្តកិច្ចការនេះឱ្យកាន់តែមានភាពស្ថិតស្ថេរ៕





