មានតែទីម័រខាងកើត រៀបចំបដិសណ្ឋារកិច្ចពិសេសជាងគេជូនសម្ដេចតេជោ ចាប់តាំងពីធ្វើនាយករដ្ឋមន្រ្តីជិត៤០ឆ្នាំកន្លងមក
S
Soriya Sou
09 ឧសភា 2025 05:30 AM

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញក្ដីរំភើបចំពោះកាយវិការ និងសកម្មភាពរបស់លោក ជូសេ រ៉ាម៉ូស ហរតា (José Ramos-Horta) ប្រធានាធិបតីទីម័រខាងកើត ដែលបានបើករថយន្តដោយផ្ទាល់ជូនសម្ដេច ពីព្រលានយន្តហោះទៅដល់សណ្ឋាគារស្នាក់នៅ។ សម្តេច និងគណៈប្រតិភូ បានទៅដល់ប្រទេសទីម័រខាងកើត កាលពីថ្ងៃទី៧ ហើយនឹងបញ្ចប់ទស្សនកិច្ចនៅថ្ងៃទី៩ ឧសភានេះ។

លោក ជូសេ រ៉ាម៉ូស ហរតា José Ramos-Horta ប្រធានាធិបតីទីម័រខាងកើត បើករថយន្តជូនសម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា 
លោក ជូសេ រ៉ាម៉ូស ហរតា José Ramos-Horta ប្រធានាធិបតីទីម័រខាងកើត បើករថយន្តជូនសម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា 

ក្រៅពីប្រធានាធិបតីបើករថយន្តជូនដោយផ្ទាល់ហើយនោះ លោក កៃ រ៉ាឡា សាណាណា ហ្គូសម៉ាវ (Kay Rala Xanana Gusmão) នាយករដ្ឋមន្ត្រីទីម័រខាងកើត ក៏បានស្ម័គ្រចិត្តឈរនៅពីក្រោយអតីតនាយករដ្ឋមន្រ្តីកម្ពុជា ប្រៀបដូចជាអង្គរក្សផងដែរ។ ថ្លែងចេញពីវិមានប្រធានាធិបតី នាព្រឹកថ្ងៃទី៩ឧសភានេះ សម្ដេចបានចាត់ទុកទង្វើរបស់លោកប្រធានាធិបតី និងលោកនាយករដ្ឋមន្រ្តីទីម័រខាងកើត ថាជាបដិសណ្ឋារកិច្ចដ៏កម្របានជួប ចាប់តាំងសម្តេចធ្វើជានាយករដ្ឋមន្រ្តីអស់រយៈពេលជិត៤០ឆ្នាំកន្លងមក។

សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាកម្ពុជា 
សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាកម្ពុជា 

សម្ដេចតេជោថ្លែងដូច្នេះថា៖«នេះជាមិត្តភាពដែលយើងមានជាមួយគ្នា បើទោះបីអ្នកទាំងពីរមានអាយុច្រើនជាងខ្ញុំដែលខ្ញុំហៅថាបង ប៉ុន្តែនៅតែផ្ដល់តម្លៃឱ្យខ្ញុំ។ ក្នុងឋានៈជាមិត្តជាមួយគ្នា ខ្ញុំសូមអរគុណចំពោះបដិសណ្ឋារកិច្ចនេះ ហើយក៏សូមអរគុណចំពោះប្រជាជនទីម័រ ជាពិសេស សិស្សានុសិស្ស គ្រូបង្រៀន ដែលទទួលខ្ញុំតាំងពីព្រលានយន្តហោះ រហូតដល់សណ្ឋាគារ។ នេះជាបដិសណ្ឋារកិច្ចដ៏កម្រដែលខ្ញុំទទួលបាន ទោះបីខ្ញុំឆ្លងកាត់ជានាយករដ្ឋមន្រ្តី៣៦ឆ្នាំ ប៉ុន្តែមិនមានពេលណាដែលខ្ញុំមានបដិសណ្ឋារកិច្ចដ៏កម្របែបនេះ»។ សម្ដេចបានជូនពរដល់ប្រធានាធិបតី នាយករដ្ឋមន្រ្តី ថ្នាក់ដឹកនាំ និងប្រជាជនទីម័រខាងកើត ឱ្យទទួលបាននូវការរីកចម្រើន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត