សម្តេចតេជោផ្ញើសារជូនអ្នកលក់ដូរទាំងអស់៖ សូមកុំឱ្យមានឈ្មោះថា ទំនិញថៃដែលនៅសល់ «លក់មិនចេះអស់»
S
Soriya Sou
21 តុលា 2025 04:30 AM

រាជធានីភ្នំពេញ៖ «លក់អស់ពីស្តុក ខ្ញុំឈប់លក់ និងឈប់នាំចូលទំនិញថៃទៀតហើយ» នេះជាពាក្យរបស់អ្នកលក់ដូរមួយចំនួនដែលឃើញគេឮលើបណ្តាញសង្គម។ ប៉ុន្តែ មានអ្នកងឿងឆ្ងល់ថា ហេតុអ្វី អ្នកលក់ដូរខ្លះ កម្រលក់ទំនិញថៃអស់ម្ល៉េះ ហេតុអ្វីបានជារាប់ខែហើយ នៅតែឮពាក្យលក់បង្ហើយដដែលៗបែបនេះ? អាចលក់មិនទាន់អស់ពិតមែន ព្រោះពលរដ្ឋខ្មែរឈប់ទិញ ឬគ្រាន់តែជាលេស? 

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានប្រសាសន៍ថា សម្ដេចគាំទ្រការលក់ទំនិញចាស់ដែលអាជីវករនាំចូលមកពីថៃឱ្យអស់ ដើម្បីប្រមូលដើមទុនមកវិញ ជាជាងការដុតចោល។ ប៉ុន្តែក្រោយលក់អស់ ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបអាជីវកម្ម លក់ដូរទាំងអស់មិនត្រូវនាំចូលទំនិញថ្មីរបស់ថៃបន្ថែម ហើយកុហកបោកប្រាស់អ្នកទិញថាជាទំនិញចាស់ដែលលក់មិនទាន់អស់នោះឡើយ...។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា

សម្តេចបានចេញសារនេះលើទំព័រហ្វេសប៊ុក កាលពីយប់ថ្ងៃទី២០តុលា ឆ្នាំ២០២៥ បន្ទាប់ពីឃើញសកម្មភាពក្រុមលោក K01 ធ្វើយុទ្ធនាការប្រមូលទំនិញថៃយកទៅដុតចោល និងដាក់បណ្ដាសាអ្នកលក់ទំនិញថៃដែលនៅសេសសល់មិនទាន់អស់។ សម្តេច ចាត់ទុកសកម្មភាពនេះ ថាជាអំពើទៅហួសពីស្នេហាជាតិ។ បន្ថែមពីនេះ សម្ដេចប្រធានព្រឹទ្ធសភា បានចូលទៅសរសេរក្នុងខំមិន(Comment)បន្ថែមថា៖«ខ្ញុំគាំទ្រការលក់ទំនិញចាស់ឱ្យអស់ តែមិនត្រូវនាំចូលទំនិញថ្មីមកបន្ថែមទៀតទេ។ សូមកុំឱ្យមានឈ្មោះថា ទំនិញចាស់លក់មិនចេះអស់ តែវាជាទំនិញនាំចូលថ្មីមកបោកអតិថិជន»។ ដើម្បីឱ្យកាន់តែប្រាកដ សម្ដេចក៏បានណែនាំដល់អ្នកទិញ គួរពិនិត្យឱ្យល្អិតល្អន់ ថាតើទំនិញនោះជាទំនិញចាស់ ឬថ្មី ព្រោះទំនិញសុទ្ធតែមានថ្ងៃកាលបរិច្ឆេទ។

ក្រោយកើតមានជម្លោះព្រំដែនកម្ពុជា-ថៃ សម្ដេចតេជោ សង្កេតឃើញប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើពហិការមិនប្រើប្រាស់ទំនិញថៃដែលស្ទើរតែ៩៩ភាគរយទៅហើយ មិនថាប្រជាជននៅក្នុងប្រទេស ឬប្រជាជនខ្មែរនៅក្រៅប្រទេសឡើយ។ ដូច្នេះ ដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក អ្នកផលិតក្នុងស្រុកត្រូវខិតខំព្យាយាមផលិតទំនិញដែលមានគុណភាព ខណៈប្រជាពលរដ្ឋជាអ្នកទិញសូមជួយទិញផលិតផលក្នុងស្រុក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ សម្ដេចតេជោ បានអះអាងលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៣កញ្ញាថា៖«ថៃអាចបន្តបិទព្រំដែនសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ»៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត