អស់ពីចង់បានកោះហ្គ្រីនឡែន ត្រាំប្រកាសក្ដែងៗ ចង់យកវេណេហ្ស៊ុយអេឡាធ្វើជារដ្ឋទី៥១របស់សហរដ្ឋអាម៉េរិក
N
Nary Vann
9 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានបង្កឱ្យមានការភ្ញាក់ផ្អើល និងរិះគន់យ៉ាងខ្លាំង បន្ទាប់ពីលោកបានបង្ហោះរូបភាពក្រាហ្វិកមួយនៅលើបណ្ដាញសង្គម Truth Social បង្ហាញពីផែនទីប្រទេសវេណេហ្ស៊ុយអេឡា អមដោយរូបទង់ជាតិសហរដ្ឋអាម៉េរិក និងស្លាកសញ្ញាដែលសរសេរថា«រដ្ឋទី៥១»...។

រូបភាពក្រាហ្វិកផែនទី
រូបភាពក្រាហ្វិកផែនទី

ការបង្ហោះដ៏ចម្រូងចម្រាសនេះ កើតឡើងស្របពេលលោកកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសចិន ដើម្បីចូលរួមជំនួបកំពូលដ៏សំខាន់មួយ បន្ទាប់ពីលោកថ្លែងប្រាប់ទូរទស្សន៍ Fox News ថា លោកកំពុងពិចារណាបញ្ចូលប្រទេសដែលមានធនធានប្រេងដ៏សម្បូរបែបមួយនេះ ជាផ្នែកមួយនៃទឹកដីសហរដ្ឋអាម៉េរិក។ ជាការឆ្លើយតប ប្រធានាធិបតីបណ្ដោះអាសន្នរបស់វេណេហ្ស៊ុយអេឡា លោកស្រី ឌែលស៊ី រ៉ូឌ្រីហ្គេស (Delcy Rodriguez) បានច្រានចោលទាំងស្រុងចំពោះគំនិតនេះ ដោយលោកស្រីបានបញ្ជាក់ថា ប្រទេសវេណេហ្ស៊ុយអេឡា មិនដែលធ្លាប់គិតចង់ក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាម៉េរិកឡើយ បើទោះបីជាកងទ័ពសហរដ្ឋអាម៉េរិក បានចាប់ខ្លួនអតីតមេដឹកនាំផ្ដាច់ការ លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) កាលពីខែមករាកន្លងទៅក៏ដោយ។

លោកស្រី ឌែលស៊ី រ៉ូឌ្រីហ្គេស
លោកស្រី ឌែលស៊ី រ៉ូឌ្រីហ្គេស

លោកស្រី ឌែលស៊ី រ៉ូឌ្រីហ្គេស លើកឡើងថា ទោះបីទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រសើរឡើងវិញ ក្រោមការដឹកនាំរបស់លោកស្រី តាមរយៈការកែទម្រង់បើកចំហវិស័យប្រេង និងរ៉ែដល់ក្រុមហ៊ុនបរទេស (ជាពិសេសក្រុមហ៊ុនអាម៉េរិក)ក៏ដោយ ក៏ជំហរនយោបាយរបស់លោកស្រី នៅតែរក្សាឯករាជ្យភាពជាតិ។ ទន្ទឹមនឹងនេះ ស្ថានភាពនយោបាយក្នុងស្រុករបស់វេណេហ្ស៊ុយអេឡានៅតែមានភាពតានតឹង ខណៈក្រុមប្រឆាំងបានទាមទារឱ្យមានការបោះឆ្នោតឡើងវិញបន្ទាន់។ ទោះជាយ៉ាងណា លោកស្រី រ៉ូឌ្រីហ្គេស មិនទាន់ផ្ដល់ចម្លើយច្បាស់លាស់អំពីពេលវេលានៃការបោះឆ្នោតនោះទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា វានឹងកើតឡើងនៅពេលណាមួយ នាពេលអនាគត។ សកម្មភាពរបស់ ត្រាំ នាពេលនេះ ត្រូវបានគេមើលឃើញថា ជាការបង្ហាញឥទ្ធិពល និងការគ្រប់គ្រងរបស់លោកលើប្រទេសវេណេហ្ស៊ុយអេឡា ដែលវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពនៃទំនាក់ទំនងដែលកំពុងតែល្អប្រសើរឡើងវិញ រវាងរដ្ឋធានីវ៉ាស៊ីនតោន និងការ៉ាកាស។

សូមរំឭកផងដែរថា លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រទី៩មករា ឆ្នាំ២០២៦ ធ្លាប់បានអះអាងនៅថា សហរដ្ឋអាម៉េរិកចាំបាច់ត្រូវធ្វើជាម្ចាស់លើទឹកដីកោះហ្គ្រីនឡែន ឬហ្គ្រោអង់ឡង់ ដើម្បីជៀសវាងការកាន់កាប់ដោយប្រទេសរុស្ស៊ី ឬចិននាពេលអនាគត។ ភ្លាមៗ..បន្ទាប់ពីការប្រកាសអំពីផែនការចង់ក្រសោបយកកោះហ្គ្រីនឡែនរបស់ត្រាំ អង្គភាពណាតូ បានរិះរកវិធីសាស្ដ្រការពារសន្តិសុខនៅតំបន់អាកទិក ដោយបានបញ្ជូនយោធាទៅកាន់កោះទឹកកកនោះ ដើម្បីទប់ឥទ្ធិពលសហរដ្ឋអាម៉េរិក។ ឥឡូវនេះ លោក ត្រាំ បែរជាហ៊ានចាត់ទុកប្រទេសវេណេហ្ស៊ុយអេឡា ថាជារដ្ឋទី៥១របស់ខ្លួនថែមទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត