
ខេត្តកំពត៖ បាំងកន្លះខែទៀត ពិធីបុណ្យសមុទ្ទ លើកទី១១ ជុំទី៣ ឆ្នាំ២០២៤ នឹងចូលមកដល់ គេចាប់អារម្មណ៍ថា ក្រសួងទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធហាក់បង្ហាញការយកចិត្តទុកដាក់ និងគិតគូរពីសេវាកម្មនានា ដែលមាននៅក្នុងខេត្តកំពតផ្ទាល់ ជាពិសេលទៅលើតម្លៃ និងសេវាកម្ម។ ដ្បិតពិធីបុណ្យនេះ នឹងស្រូបទាញ ភ្ញៀវជាតិ-អន្តរជាតិឱ្យទៅទស្សនាខេត្ត«តារារះនាទិសនិរតី»មួយនេះ…។

មុនពិធីបុណ្យសមុទ្ទរយៈពេល៣ថ្ងៃ ឈានចូលមកដល់ទំនងជាខ្លាចភ្លៀវទេសចរជាតិ និងអន្តរជាតិ មានបំណងទៅកម្សាន្ត និងសម្រាកលំហែកាយពិបាករកកន្លែងស្នាក់នៅ ក្រសួងទេសចរណ៍កម្ពុជា បានចេញសេចក្តីជូនដំណឹងមួយច្បាប់ភ្ជាប់ជាមួយ(QR Code) បកប្រែជាបីភាសា ខ្មែរ អង់គ្លេស និងចិន។ (QR Code) នោះអនុញ្ញាតឱ្យសាធារណជន ចូលទៅមើលឃើញបញ្ជីឈ្មោះ សណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូសរុបចំនួន២៦៩កន្លែង ដោយមានកំណត់តម្លៃនៃការស្នាក់នៅស្រាប់ ងាយស្រួលសម្រាប់ភ្ញៀវកក់ទុកជាមុន ឬទៅស្វែងរកដោយផ្ទាល់ក្នុងថ្ងៃពិធីបុណ្យ។ ដ្បិតទីតាំងទាំងនោះសុទ្ធតែមានតម្លៃសមរម្យ។ ជាក់ស្តែង សម្រាប់សណ្ឋាគារមួយយប់មានតម្លៃចាប់ពី១៥ដុល្លារ។ រីឯផ្ទះសំណាក់ និងបឹងហ្គាឡូ មានតម្លៃចាប់ពី៧,៥ដុល្លារ។ កំពត ជាខេត្តមួយដែលសម្បូរទៅដោយតំបន់ទេសចរណ៍ជាច្រើន រាប់ចាប់ពីតំបន់អេកូទេសចរណ៍ធម្មជាតិ និងកែច្នៃ ប្រវត្តិសាស្ត្រ វប្បធម៌ ភ្នំ ព្រែក និងកសិទេសចរណ៍ជាដើម។ តំបន់នីមួយៗ ត្រូវបានបែងចែកជា៤ផ្នែកសំខាន់ៗដូចជា ឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្រុងកំពតសំណង់បេតិកភណ្ឌ ដងព្រែកកំពង់បាយ និងទីជនបទនៃខេត្តកំពត។

គួរជម្រាបថា ឆ្លងកាត់បទពិសោធធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្ទ បានចំនួន២លើករួចមកហើយ គេរំពឹងថាឆ្នាំនេះ ខេត្តនឹងទាក់ទាញបានភ្ញៀវទេសចរកាន់តែច្រើន។ បុណ្យសមុទ្ទនឹងចាប់ផ្តើមនៅថ្ងៃទី១៣-១៤ និង១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ»។ ដើម្បីបង្ការភាពមិនប្រក្រតីមួយចំនួន កន្លងទៅក្រសួងក៏ធ្លាប់បានដាក់ចេញនៅវិធាការ១០ចំណុចពាក់ព័ន្ធនឹងការរៀបចំតុបតែងដាក់តាំងបង្ហាញផលិតផល ការរក្សាអនាម័យ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងសោភណភាពនៅតាម មូលដ្ឋានអាជីវកម្ម ព្រមទាំងការគិតគូរពីតម្លៃ ដល់ប្រតិបត្តិករទេសចរតំបន់ឆ្នេរទាំងអស់ផងដែរ៕






