ចៅហ្វាយខេត្តកំពត ព្រមាន«កាស៊ីណូឋានសួគ៌បូកគោ» និងទីតាំងមួយទៀតឱ្យគោរពតាមច្បាប់
អុន សម្ផស្ស
19 កក្កដា 2025 07:00 AM

ក្រុងកំពត៖ ស្របពេលមានបទបញ្ជាក្ដៅពីសម្តេចនាយករដ្ឋមន្ត្រី ឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងតាមអនឡាញខុសច្បាប់គ្រប់ប្រភេទ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន កាលពីថ្ងៃ១៨កក្កដា បានណែនាំដល់កាស៊ីណូចំនួនពីរឱ្យគោរពតាមច្បាប់របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បើមិនចង់រងការពិន័យ...។

កាស៊ីណូឋានសួគ៌បូកគោ
កាស៊ីណូឋានសួគ៌បូកគោ

លោក ម៉ៅ ធនិន លើកឡើងថា៖«[កាស៊ីណូខ្ញុំ និងកាស៊ីណូឋានសួគ៌បូកគោ] ត្រូវត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពកន្លែងរបស់ខ្លួនឱ្យបានច្បាស់លាស់ និងត្រូវគោរពតាមគោលការណ៍ច្បាប់របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា»លោកអភិបាលខេត្តបន្តព្រមានថា«ក្នុងករណីស៊ើបទៅមានប្រព្រឹត្តិបទល្មើស ខេត្តនឹងអនុវត្តច្បាប់ដោយគ្មានការលើកលែងនោះទេ»។ ការជំរុញរបស់លោកអភិបាលខេត្ត ត្រូវបានធ្វើឡើងតាមរយៈកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យការអនុវត្តបទបញ្ជាលេខ០១ បប ស្ដីពីការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់រាជរដ្ឋាភិបាល នៅសាលប្រជុំទុរេន ហើយត្រូវបានស្រង់ខ្លឹមសារមកចុះផ្សាយនៅ «ព័ត៌មានទូរទស្សន៍មហាផ្ទៃ​» នាថ្ងៃទី១៩កក្កដានេះ។      

អភិបាលខេត្តកំពត លោក ម៉ៅ ធនិន។
អភិបាលខេត្តកំពត លោក ម៉ៅ ធនិន។

ក្រៅតែពីរំឭកដល់ម្ចាស់កាស៊ីណូទាំងពីរខាងលើ ឱ្យអនុវត្តតាមច្បាប់ ចៅហ្វាយខេត្តរូបនេះ ក៏បានប្ដេជ្ញារួមគ្នាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទ មិនឱ្យមានក្នុងមូលដ្ឋាន ហើយបានដាក់ចេញវិធានការទប់ស្កាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនោះ លោកក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំជុំវិញខេត្ត កងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរក្រុង-ស្រុក នាពេលកន្លងមក ដែលបានអនុវត្តភារកិច្ចតួនាទីបានល្អប្រសើរ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសបង្ការ ទប់ស្កាត និងបង្ក្រាប បាននូវរាល់បទល្មើសផ្សេងៗក្នុងខេត្តគួរជាទីមោទនៈ។

អភិបាលខេត្តកំពត លោក ម៉ៅ ធនិន ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
អភិបាលខេត្តកំពត លោក ម៉ៅ ធនិន ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

គួរជម្រាបថា ក្រោយមានបទបញ្ជាសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន​ ម៉ាណែត​ រដ្ឋបាលរាជធានី-ខេត្ត ស្ទើរទូទាំងប្រទេសបានចាប់ផ្តើមចេញប្រតិបត្តិការបង្រ្កាបរាល់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងនោះយោងតាមរបាយការណ៍ បង្ហាញដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រឹមរយៈពេល២២ថ្ងៃ គណៈបញ្ជាការឯកភាពរាជធានី-ខេត្តចំនួន១២ នៅទូទាំងប្រទេស ចុះប្រតិបត្តិការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជិត៥០ទីតាំង រួមជាមួយជនសង្ស័យប្រមាណជាង២០០០នាក់ជាប់ពាក់ព័ន្ធ៕   

រូបភាពតំណាង។
រូបភាពតំណាង។
រូបភាពតំណាង។
រូបភាពតំណាង។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត