ក្រុមហ៊ុនចិន គ្រោងសាងសង់រោងចក្រផលិតបរិក្ខារពេទ្យដ៏ធំមួយនៅខេត្តកំពត
S
Soriya Sou
21 កុម្ភៈ 2025 11:30 AM

ក្រុងកំពត៖ KENPAX ជាក្រុមហ៊ុនរបស់អ្នកវិនិយោគចិន បាននិងកំពុងគ្រោងសាងសង់រោងចក្រផលិតបរិក្ខារពេទ្យមួយកន្លែង នៅក្នុងខេត្តកំពត នាពេលឆាប់ៗខាងមុខនេះ…។

យោងតាមរដ្ឋបាលខេត្តកំពត បានឱ្យដឹងថា លោក Wayne Lin ប្រធានក្រុមហ៊ុន KENPAX ដែលជាក្រុមហ៊ុនផលិតបរិក្ខារពេទ្យ នៅព្រឹកថ្ងៃទី២១កុម្ភៈ ឆ្នាំ២០២៥នេះ បានចូលជួបសម្ដែងការគួរសមជាមួយលោកអភិបាលខេត្ត ម៉ៅ ធនិន។ ជំនួបនេះ បានធ្វើឡើងដើម្បីពិភាក្សាបង្ហាញពីការវិនិយោគ និងគម្រោងសាងសង់រោងចក្រ ដែលមានទីតាំងនៅក្នុងស្រុកជុំគិរី ខណៈរោងចក្រនេះនឹងផ្តល់ការងារបានចំនួន៣ពាន់កន្លែង សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពត។ ប្រធានក្រុមហ៊ុនចិនខាងលើ បញ្ជាក់ថា រោងចក្រនេះគ្រោងសាងសង់នៅខែមីនាខាងមុខ ហើយការសម្រេចបោះទុនវិនិយោគ គឺដោយសារមើលឃើញពីសក្តានុពល និងភាពអំណោយផលរបស់ខេត្តកំពត។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បង្ហាញអារម្មណ៍សប្បាយរីករាយ និងស្វាគមន៍ក្រុមហ៊ុនចំពោះការបោះទុនវិនិយោគ ដោយបង្កើតរោងចក្រផលិតបរិក្ខារពេទ្យក្នុងខេត្តនេះ ដែលអាចផ្តល់ការងារជូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តផង និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះផ្ទាល់ផង។ យ៉ាងណា លោកអភិបាលខេត្ត បានបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យជ្រើសរើសកម្មករដែលរស់នៅក្បែរតំបន់ដែលសាងសង់រោងចក្រជាជម្រើសទី១ និងបន្តជ្រើសរើសតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពត៕

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត 
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត 
រូបតំណាង
រូបតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត