
ក្រុងកំពត៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត លើកទឹកចិត្តពលករដែលទើបវិលត្រឡប់មកកាន់ស្រុកកំណើតវិញ សូមយកចំណេះជំនាញ និងបទពិសោធដែលធ្លាប់បានធ្វើកន្លងទៅនៅប្រទេសថៃ អាចស្វែងរកការងារធ្វើនៅក្នុងស្រុកដែលមានរាប់ម៉ឺនកន្លែងកំពុងរង់ចាំ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ…។

លោកចៅហ្វាយខេត្តលើកទ្បើងបែបនេះ ក្នុងពេលថ្លែងក្នុងវេទិកាការងារនៅស្រុកបន្ទាយមាស កាលពីទី១៧កញ្ញាម្សិលមិញ។ លោកអភិបាលខេត្ត គូសបញ្ជាក់ថា បន្ទាប់ពីមានការឈ្លានពានពីសំណាក់ប្រទេសថៃមកលើបូរណភាពទឹកដីកម្ពុជា ពលករធ្វើការនៅក្នុងប្រទេសថៃ ត្រូវបានវិលត្រឡប់មកស្រុកកំណើតវិញ។ ដោយមានការគិតគូរពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចង្អុលបង្ហាញដោយផ្ទាល់មកកាន់អាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះការវិលត្រឡប់របស់បងប្អូនពលករទាំងអស់ ដោយមានការដឹកជញ្ជូនបងប្អូនមកកាន់លំនៅឋានដោយមិនយកប្រាក់ ពិសេសបានត្រៀមរួចជាស្រេចនូវកន្លែងការងារ ដើម្បីផ្ដល់ជូនបងប្អូនពលករ តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោកអភិបាលខេត្តដែលមានរហ័សនាមប៉ាវចិនស្រុកខ្មែរបន្ថែមថា ប្រជាពលរដ្ឋខ្មែរជាច្រើននៅទូទាំងប្រទេសទទួលបានការងារធ្វើ តាមរយៈការគិតគូរពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានក្រសួងការងារជាសេនាធិការ ហើយកម្មករទាំងអស់ត្រូវបានយកចិត្តទុកដាក់ខ្លាំង ទាំងប្រាក់បៀវត្សរ៍ និងប្រាក់កម្រៃផ្សេងៗដែលត្រូវទទួលបានពីការបំពេញការងារ។ យោងតាមរបាយការណ៍របស់ លោក អ៊ឹង ប៉ូហេង ប្រធានមន្ទីរការងារ បានឱ្យដឹងថា ខេត្តកំពតមានបងប្អូនពលករវិលត្រទប់មកពីប្រទេសថៃវិញ សរុបចំនួន៦២៣៦នាក់។ បច្ចុប្បន្នខេត្តកំពត ឱកាសការងារដែលមានតម្រូវការសរុបចំនួន៣៨២កន្លែង៕





