
ខេត្តស្ទឹងត្រែង៖ រយៈពេល៣ថ្ងៃ ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្សខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះទៅត្រួតពិនិត្យ និងបង្រ្កាបបទល្មើសអាជីវកម្មរ៉ែខុសច្បាប់ ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង។ នេះបើតាមការផ្សាយរបស់ក្រសួងបរិស្ថាន នៅយប់ថ្ងៃទី១៣ ខែឧសភា។

ក្រសួងបញ្ជាក់ថា នៅចំណុចភ្នំកាពិន ឃុំសន្តិភាព ស្រុកសៀមប៉ាង មានរោងប្រក់តង់កៅស៊ូ និងកន្លែងរករ៉ែខុសច្បាប់សរុបចំនួន៣ទីតាំង។ មន្រ្តីជំនាញ បានរុះរើរោងតង់ និងប្រមូលវត្ថុតាង ដែលជនសង្ស័យលាក់ទុក មានដូចជា ឧបករណ៍សម្រាប់រែងមាស (ឆាងម៉ាង) និងប៉ែល ជាដើម យកទៅរក្សាទុកនៅទីស្នាក់ការឧទ្យានជាតិ។ តាមពិត ទីតាំងទាំង៣នេះ មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ធ្លាប់បានចុះបង្រ្កាប និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការម្តងរួចមកហើយនាពេលកន្លងទៅ។ មន្រ្តីជំនាញនៅតែបន្តស៊ើបអង្កេតស្វែងរកជនល្មើសយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់កុំឱ្យមានសកម្មភាពធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់បន្តទៀត៕




