
រាជធានីបាងកក៖ ករណីផ្ទុះគ្រាប់បែកនៅក្បែរផ្លូវមួយកន្លែងក្នុងខេត្តនរាធិវាស ឬ(ណារ៉ាធីវ៉ាត) ប្រទេសថៃ បានបណ្ដាលឱ្យទាហានល្បាតម្នាក់បាត់បង់ជីវិត និង ២នាក់ទៀតរងរបួស ខណៈពួកគេកំពុងចុះបំពេញភារកិច្ច...។

ហេតុការណ៍ផ្ទុះនេះ បានកើតឡើងនៅលើកំណាត់ផ្លូវលេខ៤០៥៧ ក្នុងភូមិម៉ៃហ្វាដ (ใหม่แฟด) ឃុំកាយុក្លា (Kayu Khla) ស្រុកវែង (Waeng) ក្បែរស្ពានណាំខៅ ក្នុងអំឡុងពេលទាហានល្បាតកំពុងធ្វើដំណើរទៅបំពេញបេសកកម្ម ដោយបណ្ដាលឱ្យទាហានល្បាតម្នាក់បាត់បង់ជីវិត និង២នាក់ទៀតរងរបួស។ យោងតាមរបាយការណ៍បឋម ក្រុមវាយប្រហារដែលមិនទាន់ស្គាល់អត្តសញ្ញាណ បានចុចបំផ្ទុះគ្រាប់បែក នៅពេលដែលក្រុមទាហានធ្វើដំណើរទៅដល់កន្លែងកើតហេតុ។ បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ជុំវិញហេតុការណ៍នេះ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យជៀសវាងឆ្លងកាត់ទីតាំងកើតហេតុជាបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាពឱ្យមន្ត្រីជំនាញបោសសម្អាត និងត្រួតពិនិត្យសុវត្ថិភាពឱ្យបានហ្មត់ចត់។ សូមបញ្ជាក់ថា ខេត្តភាគត្បូងនៃប្រទេសថៃរួមមាន៖ ខេត្តជាល ឬយ៉ាឡា, សង្ឃរា ឬស៊ុងក្លា, ប៉ាតានី, និងខេត្តនរាធិវាស ឬណារ៉ាធីវ៉ាត ដែលតែងតែរងការវាយប្រហារដោយក្រុមបំបែកខ្លួន ទាមទារស្វ័យភាព ចង់ហែកខ្លួនចេញពីប្រទេសថៃ៕



