រយៈពេល៤ខែ ភ្នំពេញមានអ្នកកើតជំងឺគ្រុនឈាមជិត២ពាន់ករណី
S
Soriya Sou
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានី បានឱ្យដឹងថា ក្នុងរយៈពេល៤ខែក្នុងឆ្នាំ២០២៦នេះ នៅភ្នំពេញ មានអ្នកកើតជំងឺគ្រុនឈាមចំនួន១៨២៦ករណី…។

គ្រុនឈាម ជាជំងឺមួយដែលតម្រូវឱ្យមនុស្សត្រូវប្រុងប្រយ័ត្ន ជាពិសេសក្នុងរដូវវស្សា ព្រោះភ្លៀងវាអំណោយផលដល់ការកកើតពពួកមូសខ្លា ដែលជាភ្នាក់ងារចម្លងរោគ។ កាលពីឆ្នាំ២០២៥ មានអ្នកកើតជំងឺគ្រុនឈាមចំនួន១ម៉ឺនករណី។ នេះបើតាមការបញ្ជាក់របស់លោក ងី មានហេង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៤របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៤ នៅថ្ងៃទី១៣ឧសភា។ ដើម្បីឆ្លើយតបនឹងការចម្លងជំងឺគ្រុនឈាម ប្រធានមន្ទីរសុខាភិបាលរាជធានីរូបនេះ បានជំរុញឱ្យសហគមន៍, ភូមិ, រដ្ឋបាលសង្កាត់, ខណ្ឌ, សហការជាមួយមន្ត្រីសុខាភិបាល អនុវត្តវិធានការការពារសំខាន់ៗ។

ក្នុងនោះ ត្រូវការលុបបំបាត់ជម្រកមូសខ្លា ដោយអនុវត្តជាប្រចាំ និងធ្វើការសម្អាតបរិស្ថានយ៉ាងតិច២ដងក្នុង១ឆ្នាំ គឺអនុវត្តនៅក្នុងខែឧសភា និងសីហា។ បើសិននៅក្នុងភូមិណាមានករណីគ្រុនឈាមលើសពី២នាក់ក្នុងមួយសប្តាហ៍ អ្នកពាក់ព័ន្ធព្រមទាំងប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ ត្រូវចូលរួមសម្អាតបរិស្ថាន លុបបំបាត់ជម្រកមូសខ្លា និងបាញ់ថ្នាំសម្លាប់មូសឱ្យបានញឹកញាប់។ សូមជម្រាបថា ជំងឺគ្រុនឈាមជាទូទៅតែងតែកើតមាននៅលើកុមារ ប៉ុន្តែបច្ចុប្បន្ន នៅកម្ពុជាក៏មានករណីខ្លះ កើតមាននៅលើមនុស្សពេញវ័យដូចគ្នា។ រោគសញ្ញាជំងឺគ្រុនឈាម មានដូចជា៖ ក្ដៅខ្លួនខ្លាំង, ឈឺក្បាល, ឈឺខ្លួន និងសាច់ដុំ, ក្អួតចង្អោរ និងមានស្នាមអុចក្រហមនៅលើស្បែក ជាដើម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត