
រាជធានីភ្នំពេញ៖ ដើម្បីបង្ការការឆ្លងជំងឺគ្រុនឈាមនៅកម្ពុជា ក្រសួងសុខាភិបាលបានណែនាំ និងក្រើនរំឭកដល់ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន ប្រកាន់ខ្ជាប់ឱ្យបានតាមវិធានការ៥ចំណុច ខណៈចំនួនមូសត្រូវបានគេមើលឃើញថា មានការកើនឡើង គួរឱ្យកត់សម្គាល់...។

ការកើនឡើងនេះ ត្រូវបានក្រសួងបញ្ជាក់ថា ដោយសារការប្រែប្រួលអាកាសធាតុ ដែលផ្តល់លទ្ធភាពក្នុងការបង្កាត់ពូជ ការកកើតមូស និងបន្លាស់ទីនៃមូស រួមជាមួយការកើនឡើងនៃចំនួនមូស ភាគច្រើនបំផុតជាប្រភេទមូសអង្កាម ក្នុងអំឡុងពេលរដូវប្រាំងគិតចាប់ពីខែវិច្ឆិកា រហូតដល់ខែមេសា។ ក្នុងរដូវប្រាំងនេះ ក៏មានវត្តមានមូសខ្លាខ្លះៗនៅតាមពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ និងពែង ដែលបង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស។ តាមរយៈសេចក្ដីក្រើនរំឭក ចុះថ្ងៃទី៤កុម្ភៈ ឆ្នាំ២០២៥ ក្រសួងសុខាភិបាល បានដាស់តឿនឱ្យប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ បង្ការការឆ្លងនៃជំងឺគ្រុនឈាម ស្របនឹងពាក្យស្លោក «ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំគ្មានដង្កូវទឹក»។

ប្រជាពលរដ្ឋត្រូវអនុវត្តតាមការណែនាំ និងប្រកាន់ខ្ជាប់នូវវិធានការ៥ចំណុចដែលរួមមាន៖ វិធានការទី១. ម្ចាស់ផ្ទះ ឬម្ចាស់អាជីវកម្មនានា ត្រូវធានាឱ្យបានថា ប្រព័ន្ធលូបង្ហូរទឹកមិនមានការស្ទះ ដែលអាចបង្កឱ្យមានទឹកដក់អំណោយផលក្នុងការកកើតមូស និងត្រូវមានវិធានការជាបន្ទាន់ ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានរបស់ខ្លួន ប្រសិនមានការកកស្ទះ។ វិធានការទី២. អាណាព្យាបាល មាតាបិតា កុមារាកុមារីគ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្ម ចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដូចជា៖ ពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ ជាដើម ឬត្រូវគ្របគម្របឱ្យបានជិតល្អ និងត្រូវសហការជាមួយបណ្តាញសុខាភិបាលនៅតាមមូលដ្ឋាន ដើម្បីដាក់ថ្នាំបាណកឃាដសម្លាប់ដង្កូវទឹក ឬចិញ្ចឹមកូនត្រីប្រាំពីរពណ៌ នៅកន្លែងដែលអាចចិញ្ចឹមបាន។

វិធានការទី៣. ម្ចាស់ការដ្ឋានសំណង់ កម្មករ-កម្មការនី ដែលកំពុងបំពេញការងារនៅតាមការដ្ឋានសំណង់ ត្រូវធ្វើអនាម័យបរិស្ថានឱ្យបានស្អាត នៅក្នុងបរិវេណការដ្ឋានសំណង់របស់ខ្លួន។ វិធានការទី៤. ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូសមកតោងជ្រកជុំជិតខ្លួនដែលអាចងាយនឹងខាំ។ វិធានការទី៥. ករណីមានរោគសញ្ញាក្ដៅខ្លួនខ្លាំងភ្លាមៗ ត្រូវឆាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដែលនៅជិតបំផុតជាបន្ទាន់ (មិនឱ្យយឺតជាង៤៨ម៉ោងបន្ទាប់ពីក្ដៅខ្លួន)។ ហាមដាច់ខាត ការសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្ដៅភ្លាមៗដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺនៅសេវាឯកជន ដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមឱ្យសោះ។

គួរជម្រាបថា តាមរយៈរបាយការណ៍របស់ក្រសួងសុខាភិបាល ក្នុងឆ្នាំ២០២៤ ករណីជំងឺគ្រុនឈាមនៅកម្ពុជា មានសរុបជាង១៨០០០នាក់ ដែលចំនួននេះបានថយចុះជាង១៦០០០នាក់ ឬ៤៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានដល់ទៅជាង៣៥ ០០០នាក់។ ចំណែកអ្នកស្លាប់ដោយសារជំងឺនេះក្នុងឆ្នាំ២០២៤ មានត្រឹម៤៦នាក់ ឯឆ្នាំ២០២៣ មានអ្នកស្លាប់ដល់ទៅ៩៩នាក់៕




