អ្នកកើតជំងឺគ្រុនឈាមនៅកម្ពុជា ថយចុះ៤៦ភាគរយ
S
Soriya Sou
មួយឆ្នាំមុន

ភ្នំពេញ៖ ករណីជំងឺគ្រុនឈាមនៅកម្ពុជា ក្នុងឆ្នាំ២០២៤ មានសរុបជាង១៨ ០០០នាក់ប៉ុណ្ណោះ ពោលគឺ មានការថយចុះជាង១៦ ០០០នាក់  ឬ៤៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលមានដល់ទៅជាង៣៥ ០០០នាក់។ ចំណែកអ្នកស្លាប់ដោយសារជំងឺនេះក្នុងឆ្នាំ២០២៤ មានត្រឹម៤៦នាក់ ឯឆ្នាំ២០២៣ មានអ្នកស្លាប់ដល់ទៅ៩៩នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលត្រូវបានផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។

    លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាផិបាល ចុះសួរសុខទុក្ខអ្នកជំងឺនៅតាមមូលដ្ឋានសុខាភិបាល
    លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាផិបាល ចុះសួរសុខទុក្ខអ្នកជំងឺនៅតាមមូលដ្ឋានសុខាភិបាល

តាមក្រសួងសុខាភិបាល ការធ្វើបុរេសកម្មក្នុងការទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម ជាបទពិសោធចម្បង ដែលចូលរួមចំណែកធ្វើឱ្យទទួលបានជោគជ័យដ៏ធំ ក្នុងការកាត់បន្ថយបន្ទុកជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤។ ជំងឺគ្រុនឈាមត្រូវបានគេដឹងថា បង្កឡើងដោយវីរុសតាមរយៈមូសខ្លាញីខាំចម្លងទៅមនុស្ស។​ ក្នុងឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល បានដាក់គោលដៅ និងផ្តោតការងារសំខាន់ៗ គឺកាត់បន្ថយអត្រាឈឺ និងមរណភាពដោយសារជំងឺគ្រុនឈាម និងជំងឺផ្សេងៗមួយចំនួនទៀត ដើម្បីលើកកម្ពស់សុខភាពសាធារណៈ។ តែយ៉ាងណា ក្រសួងនៅតែអំពាវនាវឱ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត សម្រាប់ការព្យាករ ដែលអាចនឹងមានការផ្ទុះឡើងក្នុងឆ្នាំបន្ទាប់។

ក្រសួងណែនាំថា ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ លើសពី៣៨អង្សាសេ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងសេវាព្យាបាលរបស់រដ្ឋ ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុតជាបន្ទាន់ មិនឱ្យយឺតជាង៧២ម៉ោង បន្ទាប់ពីក្តៅខ្លួន និងហាមសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗនេះដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺនៅក្នុងសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមនេះឡើយ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត