រដ្ឋមន្ត្រីជំរុញឱ្យមូលដ្ឋានសុខាភិបាល ត្រៀមឆ្លើយតបការកើនឡើងនៃជំងឺគ្រុនឈាម
អុន សម្ផស្ស
10 ម៉ោងមុន

រាជធានីភ្នំពេញ៖ ចំពេលស្ថានភាពជំងឺគ្រុនឈាមនៅស្រុកកោះធំ ខេត្តកណ្តាល ហក់ឡើងដល់ប្រមាណជាង៥០០នាក់ ត្រឹមរយៈពេលបីសប្តាហ៍ចុងក្រោយ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា ក្រើនរំឭកដល់មន្ត្រីសុខាភិបាលមូលដ្ឋាន និងសហគមន៍ទូទាំងប្រទេស ឱ្យបង្កើនការយកចិត្តទុកដាក់តាមដាន និងត្រៀមឆ្លើយតបចំពោះនិន្នាការកើនឡើងនៃជំងឺគ្រុនឈាមក្នុងរដូវវស្សា ស្របពេលការប្រែប្រួលអាកាសធាតុ អាចបង្កើនការបន្តពូជរបស់មូសខ្លាញី ដែលជាភ្នាក់ងារចម្លងជំងឺ...។ 

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា

ការលើកឡើងរបស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២២ រៀបចំឡើងតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) កាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ដោយមានមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ចូលរួមជាង៣ពាន់នាក់លោក ឈាង រ៉ា ថ្លែងគូសរំលេចថា៖«មូលដ្ឋានសុខាភិបាល ត្រូវយកចិត្តទុកដាក់ ក្នុងការអប់រំសុខភាព ត្រៀមខ្លួនក្នុងការបម្រើសេវាការពារ និងព្យាបាលឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា»។ ក្នុងន័យនេះ លោកជំរុញឱ្យមន្ត្រីសុខាភិបាលមូលដ្ឋាន ពង្រឹងការអប់រំសុខភាពដល់ប្រជាពលរដ្ឋ ត្រៀមលក្ខណៈផ្តល់សេវាការពារ, ព្យាបាលឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ ក្នុងការលុបបំបាត់ជម្រកមូស និងជំរុញការបញ្ជូនអ្នកជំងឺសង្ស័យមានជំងឺគ្រុនឈាមទៅកាន់មូលដ្ឋានសុខាភិបាលសាធារណៈ ដែលនៅជិតបំផុតឱ្យបានឆាប់រហ័ស។

គួរជ្រាបថា ចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរសុខាភិបាលខេត្តកណ្តាល បានរកឃើញអ្នកជំងឺគ្រុនឈាមសរុប៥៧៨នាក់ ក្នុងនោះអ្នកជំងឺដែលមានអាការធ្ងន់ចំនួន៦នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងនោះ តំបន់ដែលមានការឆ្លងខ្លាំងជាងគេរួមមាន៖ ក្រុងសំពៅពូន ឃុំឈើខ្មៅ និងឃុំព្រែកជ្រៃ ខណៈករណីឆ្លងក៏បានរាលដាលទៅកាន់ឃុំផ្សេងៗទៀតក្នុងស្រុកកោះធំផងដែរ។ ប្រឆាំងទៅនឹងជំងឺនេះ រដ្ឋលេខាធិការទទួលបន្ទុកជំងឺឆ្លង ក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ កាលពីថ្ងៃទី៤កក្កដា បានចុះជួយអន្តរាគមន៍ និងតាមដានស្ថានភាពជំងឺគ្រុនឈាមដោយផ្ទាល់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ។ អាជ្ញាធរ និងមន្ត្រីសុខាភិបាល បន្តយុទ្ធនាការដាក់ថ្នាំអាបែតតាមគ្រួសារ បាញ់ថ្នាំកម្ចាត់មូសនៅតាមសហគមន៍ និងសាលារៀន ព្រមទាំងបង្កើនការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋអំពីវិធានការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងនៅក្នុងសហគមន៍៕

លោកស្រី យក់ សម្បត្តិ 
លោកស្រី យក់ សម្បត្តិ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត