មហាសេដ្ឋីធ្លាក់កូដ ថាក់ស៊ីន ត្រូវបានដោះលែងក្រោយជាប់ឃុំ៨ខែ
ហៀប ស៊ីថេត
11 ឧសភា 2026 08:40 AM

រាជធានីបាងកក៖ អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់ប្រទេសថៃ លោក ថាក់ស៊ីន ឈិនៈវ័ត ត្រូវបានដោះលែងពីពន្ធនាគារនៅព្រឹកថ្ងៃចន្ទទី១១ ខែឧសភានេះ បន្ទាប់ពីទទួលទោសទណ្ឌអស់រយៈពេលប្រហែល៨ខែ។ ការដោះលែងនេះកើតឡើង បន្ទាប់ពីមានសេចក្តីសម្រេចរបស់តុលាការដែលបានរកឃើញថា លោកបានស្នាក់នៅក្នុងមន្ទីរពេទ្យដោយខុសច្បាប់ ដើម្បីគេចវេះពីការជាប់ពន្ធនាគារ កំលុងពេលវិលត្រឡប់ចូលប្រទេសវិញ...។

លោក ថាក់ស៊ីន ឈិនៈវ័ត
លោក ថាក់ស៊ីន ឈិនៈវ័ត

មហាសេដ្ឋីវ័យ៧៦ឆ្នាំរូបនេះ បានបោះជំហានដើរចេញពីពន្ធនាគារខ្លងព្រែម(คลองเปรม) នៅវេលាម៉ោង៧ៈ៤០នាទីព្រឹក ដោយមានការទទួលស្វាគមន៍ពីក្រុមគ្រួសារ រួមទាំងកូនស្រីសំណព្វរបស់លោក គឺ លោកស្រី ថែថងថាន ឈិនៈវ័ត (แพทองธาร ชินวัตร)។ មែនទែនទៅ លោក ថាក់ស៊ីន ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ បន្ទាប់ពីបានអនុវត្តទោសអស់ចំនួន២ភាគ៣នៃទោសសរុបចំនួន១ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ លោកត្រូវបានតម្រូវឱ្យពាក់ឧបករណ៍តាមដានអេឡិចត្រូនិចនៅកជើង សម្រាប់រយៈពេលដែលនៅសល់នៃទោសរបស់លោក។ សូមរំឭកថា លោក ថាក់ស៊ីន បានវិលចូលប្រទេសថៃវិញក្នុងឆ្នាំ២០២៣ បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេល១៥ឆ្នាំ។

លោកស្រី ផែថងថាន ឈិនៈវ័ត និងលោក ថាក់ស៊ីន ឈិនៈវ័ត 
លោកស្រី ផែថងថាន ឈិនៈវ័ត និងលោក ថាក់ស៊ីន ឈិនៈវ័ត 

ដំបូងឡើយ លោក ថាក់ស៊ីន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភអំណាច ប៉ុន្តែត្រូវបានព្រះមហាក្សត្របន្ធូរបន្ថយទោសមកត្រឹម១ឆ្នាំ។ កាលពីខែកញ្ញាឆ្នាំ២០២៥ តុលាការកំពូលបានសម្រេចថា លោកត្រូវតែត្រឡប់ទៅជាប់ពន្ធនាគារវិញ បន្ទាប់ពីរកឃើញថា រូបលោក និងគ្រូពេទ្យ បានលួចបន្លំអូសបន្លាយពេលស្នាក់នៅក្នុងមន្ទីរពេទ្យដោយមិនចាំបាច់។ ទោះបីជាធ្លាប់ជាអ្នកនយោបាយដ៏លេចធ្លោបំផុតក្នុងរយៈពេល២៥ឆ្នាំចុងក្រោយក៏ដោយ ប៉ុន្តែឥទ្ធិពលរបស់លោកហាក់បីដូចជាសាបរលាប និងធ្លាក់ចុះ។ ជាក់ស្តែង កាលពីដើមឆ្នាំ បក្សភឿងថៃរបស់លោកទទួលលទ្ធផលបោះឆ្នោតទាបបំផុតមិនធ្លាប់មាន ខណៈកូនស្រីរបស់លោក ក៏ត្រូវបានតុលាការដកហូតតំណែងជានាយករដ្ឋមន្ត្រី កាលពីខែសីហាឆ្នាំមុនផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត