
រាជធានីភ្នំពេញ៖ ជនជាតិ៣នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួចរថយន្ត និងស្លាកលេខរថយន្តក្នុងភូមិសាស្ត្រខេត្តព្រៃវែង, កណ្ដាល និងរាជធានីភ្នំពេញ។ នេះបើតាមការឱ្យដឹងពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦...។

របាយការណ៍ពីមន្ត្រីនគរបាលជំនាញ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះជាបន្តបន្ទាប់ ពាក់ព័ន្ធអំពើលួច លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាត់កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បើកការស្រាវជ្រាវរហូតឈានដល់ការកំណត់ទីតាំងលាក់ខ្លួន ព្រមទាំងធ្វើការចាប់ខ្លួនជនជាតិចិនចំនួន៣នាក់ ដែលរួមមាន៖ ទី១-ឈ្មោះ ហ្វី យីយ័ន (FEI YIYUAN), ទី២-ឈ្មោះ ហ្ស៊ឺ ហ្ស៊ីតាវ (XUE XITAO), និងទី៣-ឈ្មោះ គ័ង ហ្ស៊ីគឿង (QIAN XIQIANG)។

បន្ទាប់ពីធ្វើការសាកសួរ និងកត់កំណត់ហេតុរួច នៅចំពោះមុខសមត្ថកិច្ច ជនល្មើសទាំងនោះបានសារភាពថា កន្លងមក ពួកគេធ្លាប់ធ្វើសកម្មភាពលួចរថយន្តសេរីទំនើបចំនួន៣គ្រឿង និងគាស់យកស្លាកលេខរថយន្ត៣លើកផងដែរ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕





