
រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយខកខានជាន់ដីចិនអស់ជិតមួយទសវត្សរ៍ លោក ដូណាល់ ត្រាំ បានប្រកាសថា នឹងលើកយកបញ្ហានៃការលក់អាវុធឱ្យកោះតៃវ៉ាន់ ទៅដាក់លើតុជជែកជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង នៅចុងសប្តាហ៍នេះ។ យ៉ាងណា មុន ត្រាំ បង្ហាញវត្តមាននៅរដ្ឋធានីប៉េកាំង ចិនបានបញ្ជូននាវាចម្បាំងហ៊ុមព័ទ្ធកោះតៃវ៉ាន់ស្ទើរដកដង្ហើមមិនរួច...។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា៖«ខ្ញុំនឹងមានកិច្ចពិភាក្សាជាមួយប្រធានាធិបតី ស៊ី។ ប្រធានាធិបតី ស៊ី មិនចង់ឱ្យយើងលក់[អាវុធឱ្យកោះតៃវ៉ាន់ទេ] ហើយខ្ញុំនឹងពិភាក្សាពីរឿងនេះ។ នោះគឺជាចំណុចមួយក្នុងចំណោមរឿងជាច្រើន ដែលខ្ញុំនឹងត្រូវលើកយកមកនិយាយ»។ នៅពេលអ្នកសារព័ត៌មានសួរអំពីភាពតានតឹងរវាងសហរដ្ឋអាម៉េរិក-ចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ លោក ត្រាំ បានសង្កត់ធ្ងន់ថា៖«ខ្ញុំគិតថា វានឹងមិនកើតឡើងនោះទេ។ ខ្ញុំគិតថា..យើងនឹងមិនអីទេ! ខ្ញុំមានទំនាក់ទំនងល្អណាស់ជាមួយប្រធានាធិបតី ស៊ី។ គាត់ដឹងថា ខ្ញុំមិនចង់ឱ្យរឿងនោះកើតឡើងឡើយ»។ ពិតណាស់ លោក ត្រាំ នឹងត្រដាងស្លាបហោះទៅជាន់ដីនៃរដ្ឋធានីប៉េកាំង នៅថ្ងៃពុធទី១៣ ខែឧសភានេះ ខណៈកិច្ចប្រជុំផ្លូវការនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិន ក្នុងរយៈពេល៩ឆ្នាំចុងក្រោយ។

សូមជម្រាបថា ការគាំទ្រផ្នែកការពារជាតិរបស់សហរដ្ឋអាម៉េរិកសម្រាប់កោះតៃវ៉ាន់ បានក្លាយដុំភ្លើងក្នុងទ្រូងនាគរាជចិន និងជាឫសគល់នៃភាពតានតឹងរវាងរដ្ឋធានីប៉េកាំង និងវ៉ាស៊ីនតោន។ ចិនតែងទន្ទេញជាប់មាត់ថា កោះតៃវ៉ាន់ ជាសាច់សារលោហិតរបស់ខ្លួនដែលមិនអាចកាត់ផ្តាច់បាន ប៉ុន្តែកោះដែលគ្រប់គ្រងដោយស្វ័យភាពនេះ បានបដិសេធយ៉ាងដាច់អហង្កាលើការអះអាងរបស់ចិន ហើយតបវិញថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ ទើបអាចសម្រេចចិត្តលើវាសនា និងអនាគតរបស់ពួកគេបាន។ សហរដ្ឋអាម៉េរិក គឺជាអ្នកគាំទ្រដ៏សំខាន់ និងធំបំផុតរបស់កោះតៃវ៉ាន់ ដោយបានផ្តល់សព្វាវុធជាច្រើនដល់កោះនេះ ដើម្បីប្រើប្រាស់ក្នុងការទប់ទល់នឹងការវាយប្រហារដែលអាចកើតមានពីសំណាក់ប្រទេសចិន។ សូមរំឭកថា កាលពីខែធ្នូកន្លងទៅ ត្រាំ បានប្រកាសកញ្ចប់លក់អាវុធឱ្យតៃវ៉ាន់ មានតម្លៃជាង១១ពាន់លានដុល្លារ ដែលនេះជាកញ្ចប់អាវុធធំបំផុតក្នុងប្រវត្តិសាស្ត្រអាម៉េរិក-តៃវ៉ាន់។

ទោះយ៉ាងណាក៏ដោយ មុនដំណើរទស្សនកិច្ចនៃគណៈប្រតិភូសហរដ្ឋអាម៉េរិកមកកាន់រដ្ឋធានីប៉េកាំង ចិនបានបញ្ជូនយោធា និងនាវាចម្បាំងជាច្រើនគ្រឿងទៅកាន់ច្រកសមុទ្ទតៃវ៉ាន់ ដែលនេះជាសារព្រមានមួយដល់មេដឹកនាំតៃវ៉ាន់ថា បើទោះបីបងធំទី១ ដែលជាខ្នងបង្អែកដ៏រឹងមាំរបស់ខ្លួន ត្រៀមហោះមកជាន់ដីចិនក៏ដោយ ក៏ទីក្រុងតៃប៉ិមិនអាចធ្វើអ្វីតាមតែអំពើចិត្តរបស់ខ្លួនបានដែរ៕



