
រដ្ឋធានីវ៉ាស៊ីនតោន៖ មន្ត្រីវិមានប្រធានាធិបតីសហរដ្ឋអាម៉េរិក បានបង្ហើបឱ្យដឹងថា នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនលំដាប់ពិភពលោកចំនួន១៦រូប ត្រូវបានអញ្ជើញឱ្យរួមដំណើរជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន នៅសប្តាហ៍នេះ ដើម្បីជំរុញសេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរឡើងវិញ...។

ក្នុងចំណោមអ្នកដែលត្រូវបានអញ្ជើញ រួមមាន បុគ្គលមានឥទ្ធិពលបំផុតក្នុងវិស័យបច្ចេកវិទ្យា និងហិរញ្ញវត្ថុ ដូចជា លោក ធីម ខុក (Tim Cook)ក្រុមហ៊ុន Apple, លោក អ៊ីឡុន ម៉ាស (Elon Musk)ក្រុមហ៊ុនតេស្លា និងលោក ដេវីដ សូឡូម៉ុន (David Solomon) របស់ធនាគារវិនិយោគ Goldman Sachs ព្រមទាំងមេដឹកនាំក្រុមហ៊ុន Boeing និងក្រុមហ៊ុនកសិកម្មយក្ស Cargill ផងដែរ។ តាមរយៈវត្តមានរបស់មេដឹកនាំធុរកិច្ចទាំងនេះ សហរដ្ឋអាម៉េរិក ត្រូវបានគេរំពឹងថា នឹងប្រកាសកិច្ចព្រមព្រៀងដ៏ធំមួយ ដែលក្នុងនោះចិននឹងបញ្ជាទិញយន្តហោះពីក្រុមហ៊ុន Boeing និងទិញសណ្ដែកសៀងពីកសិករអាម៉េរិក ក្នុងបរិមាណកាន់តែច្រើន។

អ្វីដែលគួរឱ្យកត់សម្គាល់នៅក្នុងដំណើរទស្សនកិច្ចនេះ គឺអវត្តមាននៃនាយកប្រតិបត្តិក្រុមហ៊ុនប្រេង និងហ្គាស ខណៈវិស័យថាមពលពិភពលោកកំពុងរងសម្ពាធយ៉ាងខ្លាំង ពីការរំខានដល់ការផ្គត់ផ្គង់ដោយសារសង្រ្គាមអ៊ីរ៉ង់។ លើសពីនេះ លោក ចេនសេន ហ័ង (Jensen Huang) នាយកប្រតិបត្តិក្រុមហ៊ុន Nvidia ក៏មិនទទួលបានការអញ្ជើញដែរ ដោយសារសេតវិមានចង់ផ្ដោតសំខាន់លើវិស័យកសិកម្ម និងអាកាសចរណ៍វិញ ទោះបីជាបន្ទះឈីបរបស់ Nvidia កំពុងក្លាយជាប្រធានបទយុទ្ធសាស្ត្រដ៏ក្ដៅគគុក ក្នុងវិវាទភូមិសាស្ត្រនយោបាយរវាងមហាអំណាចទាំងពីរក៏ដោយ។ អ្នកវិភាគយល់ថា យុទ្ធសាស្ត្ររបស់ ត្រាំ គឺការផ្ដល់អាទិភាពដល់ក្រុមហ៊ុនណាដែលផ្ដល់ផលចំណេញភ្លាមៗតាមរយៈការវិនិយោគ និងកិច្ចព្រមព្រៀងធំៗ ដែលវាបានជះឥទ្ធិពលលើការកំណត់គោលនយោបាយរបស់អាម៉េរិក លើសពីយុទ្ធសាស្ត្រ ឬមនោគមវិជ្ជាទូទៅ៕



