នាយកដ្ឋានព្រហ្មទណ្ឌ បំភ្លឺករណីសមត្ថកិច្ចល្មើសច្បាប់ចរាចរណ៍ កំលុងពេលប្រដេញតាមស្ទាក់ចាប់ជនសង្ស័យ
ហាក់ អ៊ីឌី
6 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រោយផ្ទុះការវែកញែកពេញបណ្ដាញសង្គម ជុំវិញសកម្មភាពមន្ត្រីនគរបាលធ្វើការប្រដេញតាមស្ទាក់មុខសញ្ញាឆក់ទ្រព្យសម្បត្តិពលរដ្ឋតាមដងផ្លូវ ដោយពុំបានពាក់មួកសុវត្ថិភាព បំពាក់កញ្ចក់ និងមិនបានបិទបាំងអាវុធឱ្យបានត្រឹមត្រូវ...។

ពេលនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចេញមកស្រាយបំភ្លឺ​តាមរយៈផេកផ្លូវការនៅព្រឹកថ្ងៃទី១៣ឧសភានេះ ដោយគូសបញ្ជាក់ថា កាលពីពេលថ្មីៗមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម អំពីសកម្មភាពនៃការជិះម៉ូតូរបស់កម្លាំងនគរបាលស្លៀកពាក់ស៊ីវិល ដោយមិនពាក់មួក បំពាក់កញ្ចក់ និងមិនបានបិទបាំងអាវុធឱ្យបានត្រឹមត្រូវ រហូតមានការជជែកវែកញែក ដោយមតិខ្លះចាត់ទុកថា ជារូបភាពមិនសរម្យ ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់។ យ៉ាងណា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អះអាងថា នៅពេលទទួលបានព័ត៌មានអំពីបទល្មើសដែលកើតឡើងភ្លាម កម្លាំងជំនាញប្រញាប់រួសរាន់ ដើម្បីចេញប្រតិបត្តិការបន្ទាន់ ដោយមិនបានគិតអំពីសុវត្ថិភាពផ្ទាល់ខ្លួន។ មួយវិញទៀត ការពាក់មួកសុវត្ថិភាព ក្នុងការជិះម៉ូតូប្រដេញដែលមានល្បឿនលឿន ក៏ជាឧបសគ្គមួយផងដែរ ដោយកងកម្លាំងមើលមិនបានច្បាស់ និងគ្រប់ជ្រុងជ្រោយ អាចបង្កគ្រោះថ្នាក់ក្នុងពេលប្រដេញ។

បន្ថែមលើនេះ នៅពេលកំពុងបំពេញប្រតិបត្តិការកម្លាំងប្រើប្រាស់ម៉ូតូក្នុងល្បឿនលឿន ដូច្នេះធ្វើឱ្យប៉ើងអាវចេញអាវុធមកខាងក្រៅ និងមិនទាន់បានរៀបរយខ្លួនប្រាណឡើងវិញ ព្រោះកម្លាំងជំនាញកំពុងដឹកមុខសញ្ញាទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសួរនាំតាមនីតិវិធី។ ជាមួយគ្នា ថ្វីបើជាការខុសច្បាប់ចរាចរណ៍ផ្លូវគោក ប៉ុន្ដែកម្លាំងមានផលលំបាកក្នុងការប្រដេញតាមជនល្មើស​ ដោយសារពេលខ្លះជនល្មើសជិះគេចចូលតាមផ្លូវដែលតូចចង្អៀត ដែលងាយនឹងប៉ះជាមួយកញ្ចក់ ហើយបង្កគ្រោះថ្នាក់ដល់កងកម្លាំង។ ជាថ្មីម្ដងទៀត នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទទួលស្គាល់ចំពោះការមិនគោរពច្បាប់ចរាចរណ៍របស់កម្លាំងជំនាញ ប៉ុន្ដែទិសដៅតែមួយគត់ គឺការបង្ក្រាបបទល្មើសឱ្យខាងតែបាន ដោយពេលខ្លះមិនបានគិតសូម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ ចំពោះមុខនេះ អង្គភាពក៏បានអប់រំណែនាំដល់កម្លាំងជំនាញទាំងអស់ ត្រូវកែប្រែរាល់កំហុសឆ្គង និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីជាគំរូដល់ប្រជាពលរដ្ឋ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត