
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីថ្លែងការណ៍តវ៉ា និងបដិសេធយ៉ាងដាច់ខាត ចំពោះការសម្រេចរបស់នាយកដ្ឋានវិចិត្រសិល្បៈថៃ ដែលបានលួចចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណស្ថានទាំងហ្លាយ តាមបណ្ដោយព្រំដែនស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា ចូលក្នុងបញ្ជីជាតិបុរាណស្ថានរបស់ប្រទេសថៃ ដែលនេះជាសកម្មភាពខុសច្បាប់ ហើយគ្មានអានុភាពផ្នែកផ្លូវច្បាប់ឡើយ…។

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ភាគីថៃ បានព្រហើនហ៊ានប្រកាសចុះបញ្ជីបណ្តុំប្រាសាទតាមាន់, ប្រាសាទតាក្របី និងប្រាសាទខ្នាររបស់កម្ពុជា ចូលក្នុងបញ្ជីបូជនីយដ្ឋានបុរាណជាតិរបស់ខ្លួន ជាឯកតោភាគី ទាំងដែលប្រសាទនេះជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។ តាមរយៈសេចក្ដីថ្លែងការណ៍នៅព្រឹកថ្ងៃទី១៣ឧសភា ក្រសួងវប្បធម៌ បានប្រកាសតវ៉ា និងបដិសេធដាច់ខាតចំពោះទង្វើរបស់ថៃ ដោយបានចាត់ទុកសកម្មភាពនេះ គឺខុសច្បាប់ ទុកជាមោឃៈ និងគ្មានអានុភាពផ្លូវច្បាប់ឡើយ។ ក្រសួងវប្បធម៌ សង្កត់ធ្ងន់ថា៖«ការលួចចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណស្ថានទាំងហ្លាយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីកម្ពុជាពីសំណាក់ភាគីថៃ ជាការប៉ុនប៉ងខុសច្បាប់ ក្នុងការបង្កើតទម្រង់ផ្លូវច្បាប់ក្លែងក្លាយលើទីតាំងបេតិកភណ្ឌ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យនៃកម្ពុជា»។

ក្រសួងគូសបញ្ជាក់បន្ថែមថា ការចុះបញ្ជីបែបនេះ គ្មានមូលដ្ឋានស្របច្បាប់នោះទេ ហើយមិនអាចប្រើប្រាស់ជាភស្តុតាងសម្រាប់អះអាងអធិបតេយ្យភាពទឹកដី ឬជាឧបករណ៍សម្រាប់ការកំណត់ព្រំដែនបានដែរ។ ទង្វើរបស់ភាគីថៃនេះទៀតសោត ជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហើយបំផ្លាញស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធី និងការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ យ៉ាងណាក៏ដោយ ក្រសួងវប្បធម៌ បានអំពាវនាវដល់រាជរដ្ឋាភិបាលថៃ លុបចោលជាបន្ទាន់នូវការចុះបញ្ជីខុសច្បាប់នេះ និងបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលកំពុងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី គោរពពេញលេញតាមច្បាប់អន្តរជាតិ និងយន្តការទ្វេភាគី ដែលបានបង្កើតឡើង៕





